ព័ត៌មានជាតិ

ក្រសួងបរិស្ថានមើលឃើញថា ប្រជាជន និងអាជ្ញាធរកម្ពុជា ផ្តើមចូលរួម ញែកសំរាមបានត្រឹមត្រូវជាបណ្តើរៗ

ភ្នំពេញ:ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៨ ឧសភានេះ បានសរសេរថា ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងឯកជន បានផ្តើមចូលរួមក្នុងការញែកសំរាម សំណល់រឹង តាមប្រភេទដូចជាសំណល់សរីរាង្គ ដែលរួមមានកាកសំណល់ផ្ទះបាយ សំណល់កែច្នៃ សំណល់ផ្សេងៗទៀត និងវេចខ្ចប់បានត្រឹមត្រូវជាបណ្តើរៗហើយ។ បើទោះបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថានៅមានភាពរាយប៉ាយ នៅឡើយក៏ដោយ។

កេហទំព័រក្រសួងបរិស្ថានសរសេរថា “នេះគឺជាការចូលរួមប្រកបដោយការទទួលខុសត្រូវ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការសម្អាតអនាម័យបរិស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានពលរដ្ឋមួយចំនួនទៀត មិនទាន់បានអនុវត្តត្រឹមត្រូវនៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ”។

គេហទំព័រខាងលើបានសរសេរទៀតថា ដើម្បីគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព អាជ្ញាធររាជធានី ក្រុង ស្រុក ដែលទទួលបានការផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រូវរៀបចំប្រព័ន្ធប្រមូលសំរាមឱ្យបានល្អ ដោយរៀបចំកម្មវិធីប្រមូលសំរាមច្បាស់លាស់ (សំណល់សរីរាង្គ និងសំណល់ផ្ទះបាយត្រូវប្រមូលរាល់ថ្ងៃ ហើយសំណល់កែច្នៃបាន គួរប្រមូលដាច់ដោយឡែកពីគ្នា)។
ក្រសួងខាងលើបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាននៅតាមភូមិ សង្កាត់ គឺទាមទារការចូលរួមពីគ្រប់ភាគី ទាំងប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច ឬ ក្រុមហ៊ុនម៉ៅការត្រូវតែមានការទទួខុសត្រូវ។

សូមបញ្ជាក់ថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមប្រភេទថ្មីបន្ថែមទៀតនៅតាមសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ និងតាមទីប្រជុំជនមួយចំនួនទៀត។ សាលារាជធានីភ្នំពេញនឹងបន្តដាក់ធុងសំរាមជាបន្តបន្ទាប់ទៀត នៅតាមសួនច្បារនានាក្នុងរាជធានីភ្នំពេញ ដើម្បីកែលំអសោភណ្ឌភាព ទីក្រុងឱ្យកាន់តែស្រស់បំព្រង និងផ្ដល់ភាពងាយស្រួលដល់ការប្រមូលសំរាម៕

photo_2016-05-08_16-25-25 photo_2016-05-08_16-25-20 photo_2016-05-08_16-25-30

មតិយោបល់