ភ្នំពេញៈ នារីម្នាក់ លង់ស្នេហ៍បុរសភ្នំពេញតាម ហ្វេសប៊ុកខំស្កាត់ពីប្រទេសថៃមកជួបនៅភ្នំពេញ ទីបំផុតបង់ទាំងប្រាណ បាត់ទាំងទ្រព្យ សល់តែខោអាវមួយបង្វិច ឡើងម៉ូតូឌុបទៅជិះរថយន្តក្រុង ត្រឡប់ទៅស្រុកកំណើតវិញ។
នារីខាងលើ មានឈ្មោះ រ.ស.ណ ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិស្រះស្តុំ ឃុំស្រះស្តុំ ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើការនៅប្រទេសថៃ។
ប្រភពពីនារីខាងលើ បានឲ្យដឹងថា ខ្លួនមានទំនាក់ទំនងស្នេហាតាមហ្វេសប៊ុក ជាមួយនឹងម្ចាស់គណនីឈ្មោះ Reach Love រហូតនាងបានលង់ស្នេហ៍ជាមួយជនខាងលើ និងបានស្កាត់តាំងពីប្រទេសថៃមកជួបប្រុសស្នេហ៍នៅភ្នំពេញ នៅម្តុំលូប្រាំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយត្រូវបានប្រុសស្នេហ៍រូបនោះ បោកយកទ្រព្យសម្បត្តិនាងអស់ពីខ្លួនរលីង រួមមាន មាសចំនួន៦ជី លុយបាតចំនួន៤ពាន់បាត លុយខ្មែរចំនួន៨ម៉ឺនរៀល កាត ATM ចំនួន២ច្បាប់ Past sport ១ច្បាប់ អត្តសញ្ញាណ១ច្បាប់ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ចុងក្រោយនារីខាងលើ បានត្រឹមតែដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយចាប់ខ្លួនជនឆបោកខាងលើ ចំណែកនាងវិលត្រឡប់ទៅស្រុកកំណើតវិញទាំងអស់សង្ឃឹម៕
https://youtu.be/1Do7A-J-zDA
មតិយោបល់