ព័ត៌មានជាតិ

គាស់ផ្ទះដូរលុយវីងលួចយកលុយ មិនសម្រេចពលរដ្ឋទាន់វាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច

កណ្តាលៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះដូរវីងចូលលួចលុយ តែមិនបានសម្រេច ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានម្ចាស់ផ្ទះឃើញ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋស្ទាក់ចាប់ខ្លួនបានវាយយ៉ាងចាស់ដៃ ទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទី យប់ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ទុយ បូរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល (របួសធ្ងន់ដោយសារប្រជាពលរដ្ឋវាយ)។ ជនសង្ស័យរូបនេះ ទើបដោះលែងពីពន្ធនាគារខេត្តកណ្តាល នៅថ្ងែទី២០ ខែធ្នូ ឆ្នាំ២០១៦ ពីបទលួច កាលពីថ្ងែទី២០ ខែធ្នូ ឆ្នាំ២០១៤។

ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ជួប សូណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ វេរលុយវីង ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបិតទ្វារចាក់សោផ្ទះ រួចចេញទៅសែននៅផ្ទះម្តាយបង្កើតក្នុងឃុំត្រើយស្លា លុះត្រឡប់មកផ្ទះវិញ ជួបជនសង្ស័យខាងលើ កំពុងធ្វើសកម្មភាពលួចលុយ ក្នុងបន្ទប់វីងក្នុងផ្ទះរបស់ខ្លួន ភ្លាមនោះជនរងគ្រោះនិងប្រពន្ធឈ្មោះ ហៀង សុខារដ្ឋ បានស្រែកឆោឡោឡើងថា ចោរៗចូលផ្ទះរបស់ខ្លួន ពេលនោះប្រជាពលរដ្ឋបានឡោមព័ទ្ធផ្ទះជនរងគ្រោះ និងចាប់បានជនសង្ស័យនៅក្នុងផ្ទះ រួចក៏បានវាយទៅលើជនសង្ស័យត្រូវចំក្បាលជាច្រើនកន្លែងបណ្តាលឲ្យរងរបួស។

បន្ទាប់មកប្រជាពលរដ្ឋបានយកជនសង្ស័យចេញពីក្នុងផ្ទះជនរងគ្រោះ មកដាក់នៅសំយ៉ាបខាងមុខផ្ទះជនរងគ្រោះ ពេលនោះមានប្រជាពលរដ្ឋប្រហែល៥០នាក់បានវាយទៅលើជនសង្ស័យបន្ថែមទៀត ដោយសារតែទប់កំហឹងមិនបាន។

ក្រោយពីកើតហេតុភ្លាម សមត្ថកិច្ចប៉ុស្តិ៍បានអន្តរាគមន៍ដល់កន្លែងកើតហេតុ បញ្ជូនជនសង្ស័យមកព្យាបាលនៅមណ្ឌលសុខភាពឃុំតាលន់ និងបានពិនិត្យឃើញនៅកន្លែងកើតហេតុមានស្នាមគាស់ដំបូលសង្ក័សី និងមានស្នាមគាស់ពិដានបន្ទប់វីង ផងដែរ។ ចំណែកជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់