ព័ត៌មានជាតិ

រំលោភ​កូន​ចុង​​ដោយ​គំរាម​សំលាប់ ពីរ​ខែ​ទើប​ធ្លាយ​អាថ៌កំបាំង​

បាត់ដំបង​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 9 ព្រឹក នា​ថ្ងៃ​ទី 23-3-15 ត្រង់​ចំនុច​ក្នុង​បរិវេណ​ឡឥដ្ឋ ស្ថិតក្នុង​ភូមិ​បឹង​រាំង ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ពាក្យបណ្តឹង ដែល​បាន​ចោទប្រកាន់ថា​បាន​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​រហូត​បាន​សំរេច​ពីរដង កាលពី​អំឡុង​ខែ​មករា ឆ្នាំ 2015 នៅក្នុង​ទីតាំង​ឡឥដ្ឋ​កន្លងមក ប៉ុន្តែ រឿង​នេះ​ត្រូវបាន​លាក់​ការណ៍​យ៉ាង​សំងាត់​ដោយសារតែ​មាន​ការ​គំរាម​សំលាប់​ពី​សំណាក់​ឪ​ចុង​។​
យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្តាយមីង​ជនរងគ្រោះ ដែល​មានឈ្មោះ ផុន ប៉ិច អាយុ 47 ឆ្នាំ រស់នៅ​ភូមិ​ស្ពាន ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ បាន​រៀបរាប់​ថា​រឿង​នេះ​ត្រូវបាន​ក្មួយ​ស្រី​របស់​គាត់​លាក់​យ៉ាង​សំងាត់​ដោយសារតែ​ខ្លាច​ស្លាប់ ប៉ុន្តែ​ថ្មីៗ​នេះ​បងស្រី​របស់​វា​បាន​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​មក​សួរសុខទុក្ខ​ទើប​ក្មួយ​ស្រី​វា​ហ៊ាន​និយាយ​ប្រាប់​ការពិត​អំពី​រឿង​ដែល​ឪពុកចុង​មាន​ចិត្តអប្រីយ៍​ហ៊ាន​ចាប់រំលោភ​នាង​រហូត​បា​ន​សំរេច​ពីរដង​ក្នុង​យប់​តែមួយ កាល​ពី​ក្នុង​អំឡុង​ខែ​មករា​កន្លង​ទៅ​ប្រហែល​ពីរ​ខែ​មកនេះ ។​ក្រោយពី​ទទួលបាន​ដំណឹង​ដ៏​អកុសល​បែប​នេះ​ភ្លាម​បងស្រី​របស់​វា​ដែល​រស់នៅ​ឯ​ប្រទេស​ថៃ បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​អោយ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច ព្រោះ​បើ​សង្ឃឹម​ម្តាយ​វា​គឺ​គ្មាន​ប្រយោជន៍​ទេ ដោយសារ​តែ​បច្ចុប្បន្ន​ម្តាយ​ក្មេងស្រី​រងគ្រោះ​កំពុង​មាន​ជំងឺ​ប្រចាំកាយ​ដេក​នៅ​នឹង​កន្ទេល​ទៅហើយ ទើប​គាត់​សំរេចចិត្ត​ប្តឹង​តែម្តង​។​
តាម​ការឆ្លើយបំភ្លឺ​របស់​នារី​រងគ្រោះ​ឈ្មោះ ភឿក គង្គារ អាយុ 15 ឆ្នាំ រស់នៅ​ភូមិ​សំបុ​កអក ឃុំ​កំពង​ព្រៀង ស្រុក​សង្កែ បាន​រៀបរាប់​ថា នៅ​ខែ​សីហា ឆ្នាំ​2014 រូបនាង​និង​ក្រុមគ្រួសារ ក្នុងនោះ​មាន​រូប​នាង ឪពុកចុង​របស់​នាង ម្តាយ​នាង និង​ប្អូនប្រុស​របស់​នាង បាននាំគ្នា​ទៅ​ស៊ីឈ្នួល​ធ្វើការ​ក្នុង​ឡឥដ្ឋ​​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​បឹងរាំង ឃុំ​ធិបតី ដើម្បី​យកប្រាក់​ទៅ​ទប់ទល់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​
នារី​រងគ្រោះ​បាន​រៀបរាប់​បន្ត​ថា លុះ​នៅ​ក្នុង​អំឡុង​ខែ​មករា ឆ្នាំ 2015 គឺ​នៅ​យប់​មួយ​នោះ រូប​នាង​ត្រូវបាន​ទទួល​នូវ​ការ​គំរាម​យ៉ាងខ្លាំង​ពី​សំណាក់​ឪពុកចុង​របស់​នាង ដោយសារតែ​គាត់​បាន​លប​ចូល​មក​ចាប់​នាង​រំលោភ​ទាំង​កំរោល ហើយ​បើ​នាង​ហ៊ាន​យក​រឿង​នេះ​ទៅ​និយាយ​ប្រាប់​គេ​នោះ គាត់​នឹង​អារ ក​សំលាប់​នាង​ចោល ទីបំផុត​រាងកាយ​របស់​នាង​ត្រូវបាន​ខ្ទេចខ្ទី​រហូត​ដល់​ទៅ​ពីរ​ដង​ក្នុង​យប់​តែ​មួយ​គឺ​កាត់​បាន​រំលោភ​រហូត​បាន​សំរេច​។​
ចាប់តាំងពី​ពេលនោះ​មក​នាង​សុខចិត្ត​ខាំមាត់​លេប​ថ្ម លេប​គ្រួស​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នកណា​ក្រៅ​ពី​ម្តាយ​របស់​ខ្លួន​ឡើយ​ប៉ុន្តែ​អ្វីៗ​ក៏​ត្រូវ​ខក​បំពង​ទាំង​អស់​ដោយសារ​តែ​ម្តាយ​នាង​មាន​ជំងឺ ទៀច​ទឹក ដេក​នៅ​តែ​នឹង​កន្ទេល និង​រស់​ដោយសារ​តែ​ប្តី​ជា​អ្នក​រកស៊ី​ចិញ្ចឹម ទើប​គាត់​មិន​ហ៊ាន​រក​រឿង​ទៅ​លើ​ស្វាមី​ឡើយ ដែល​ទុក​អោយ​រឿង​នេះ​កប់​បាត់​ស្ងាត់ឈឹង​នៅក្នុង​ស្បៃ​អន្ធ​កាល​។​
ក្នុង​ទឹកមុខ​ដ៏​ស្រងូតស្រងាត់ នារី​រងគ្រោះ​បាន​បន្ថែមថា ទីបំផុត​រឿងនេះ​ក៏​ត្រូវ​បាន​ផ្ទុះឡើង​
ក្រោយពេល​ដែល​បងស្រីរ​បស់​នាង​បាន​ទូរស័ព្ទ​មក​សួរសុខទុក្ខ ហើយ​នាង​ក៏​បាន​ទំលាយ​អាថ៌កំបាំង​ នេះ​ឡើង​ដើម្បី​បន្ធូរ​នូវ​ភាព​តានតឹង​ពី​ក្នុង​ទ្រូង​ដែល​នាង​ខំ​លាក់​ទុក​ជា​យូរ​មក​ហើយ​។​
នៅពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​គឺ​ជនសង្ស័យ​មិន​បាន​គេចខ្លួន​ទៅ​ទីណា​នោះ​ទេ ដោយសារតែ​ គេ​ស្មាន​មិន​ដល់​ថា​អាច​មាន​រឿង​បែប​នេះ​កើតឡើង ដោយ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ត្រូវ​ជា​ឪពុកចុង​ឈ្មោះ ផៃ ម៉ាន់ អាយុ 57 ឆ្នាំ រស់នៅ​ភូមិ​សំបុ​កអក បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​ទៅលើ​កូនស្រី​របស់​ខ្លួន​ចំនួន​ពីរ​ដង​មែន ដោយ​ការរំលោភ​នេះ​គឺ​បានសំរេច​ទាំង​ពីរ​លើក​ផងដែរ​។​
ក្រោយពី​ទទួលបាន​ចំលើយ​សារភាព​រួច​មក សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលា​ដំបូង​ហើយ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​
Rape

មតិយោបល់