ព័ត៌មានជាតិ

ជិះកង់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់ មួយរំពេច

កំពត: មានករណីគ្រោះថ្នាកចរាចរណ៍កើតឡើងដោយសារ ស្ត្រីម្នាក់ជិះកង់ឆ្លងផ្លូវមិនបានប្រយ័ត្ន ត្រូវរថយន្តមួយគឿង​ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿន បុកពេញទំហឹងស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងនៅកាលពីវេលាម៉ោង៦និង១៥ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧នេះ នៅខាងកើតស៊ូរ៉ាវឥស្លាម ចម្ងាយប្រហែល១៥០ម៉ែត្រ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិកាស្រុកទឹកឈូ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហ្វា ទីម៉ះ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ចំនែករថយន្ដ ម៉ាកតាកូម៉ា ពណ៌សពាក់ស្លាកលេខភ្នំពេញ2Q-4043 ។

លោកអនុសេនីយ៍ឯក បានបន្តថា មុនពេលកើតហេតុ រថយន្តបើកបរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ប្រទះកង់ដែលកំពុងជិះឆ្លងកាត់ផ្លូវ គេចមិនទាន់ ក៏បុកពេញទំហឹងតែម្ដង។ ក្រោយកើតហេតុ អ្នកបើកបររថយន្ដបានរត់គេចខ្លួន ឡើងជិះរថយន្ដមួយទៀតទៅបាត់ស្រមោល ដោយទុករថយន្ត និងជនរងគ្រោះនៅដេកស្លាប់កណ្តាលផ្លូវយ៉ាងអណោចអធម៍។

បច្ចុប្បន្នរថយន្ត និងកង់ ត្រូវបានសមត្ថកិច្ចចុះវាស់វែង និងយកមករក្សាទុកនៅអធិការរដ្ឋានស្រុក ដើម្បីចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕

មតិយោបល់