ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 6 ពីប្ដីប្រពន្ធជនជាតិចិនមួយគូដែលកំពុងដើរតាមផ្លូវបានសម្រេច ហើយព្យាយាមជិះម៉ូតូគេច ជ្រុលទៅបុករថយន្ដមួយគ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល ត្រូវពលរដ្ឋចាប់បានជនសង្ស័យម្នាក់វាយឡើងទ្រមខ្លួន របួសធ្ងន់ ទើបប្រគល់ឲ្យសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យ។ ចំណែកម្នាក់ទៀតយកទូរសព្ទរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុច១៥៤ កែងនឹងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្ដាទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់បាននៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ។
ជនរងគ្រោះមានឈ្មោះ ហ្សាំង វៃ គ័ង ភេទប្រុស អាយុ៣៣ឆ្នាំ (ជាប្ដី) និងម្នាក់ទៀត ឈ្មោះ គួគ លូ ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធ) អ្នកទាំង២ជាជនជាតិចិន ស្នាក់នៅ សណ្ឋាគារ De Art Hotell ។
ចំណែកជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-9694 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិ២នាក់ប្ដីប្រពន្ធ ដើរបណ្ដើរគ្នាតាមបណ្ដោយផ្លូវលេខ១៥៤ លុះមកដល់ចំណុចផ្លូវ១៣ ដែលជាចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីដៃស្ត្រីជនជាតិចិន ដែលកំពុងតែកាន់មើលផែនទី។
ប្រភបានបន្តថា ក្រោយពីឆក់បានហើយនោះ ជនសង្ស័យបានព្យាយាមបើកម៉ូតូគេចខ្លួន តែដោយមានប្រជាពលរដ្ឋស្រែកឆោឡោដេញពីក្រោយធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរ ដល់ចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ក៏ជ្រុលទៅបុករថយន្ដកាមរីមួយគ្រឿង បណ្ដាលឲ្យដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ជាអ្នកឌុប វាយទ្រមខ្លួន។ ចំណែកម្នាក់ដែលជាអ្នកជិះពីក្រោយយកទូរសព្ទរបស់ជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដោយសារតែជនសង្ស័យរងរបួសធ្ងន់ពេកក៏ហៅរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកយកទៅសង្គ្រោះទាំងដៃជាប់ខ្នោះតែម្ដង។ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារកណ្ដាលទី១ ដើម្បីឲ្យសមត្ថកិច្ចស្រោវជ្រាវចាប់ជនសង្ស័យម្នាក់ទៀតមកកាត់ទោសតាមផ្លូវច្បាប់៕






https://youtu.be/7Hck7x-FZbc
មតិយោបល់