ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍ខេត្តកែប ត្អូញត្អែរការយកតម្លៃតូប និងម្ហូប មិនប្រក្រតី

កែប: បើគិតចាប់ពីថ្ងៃសុក្រទី២៧ ដល់ថ្ងៃអាទិត្យទី២៩ នេះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានសំរុកមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រខេត្តកែប មានចំនួនច្រើនគួរអោយកត់សំគាល់។ ក៏ប៉ុន្តែទន្ទឹមនិងការកម្សាន្តសប្បាយនេះ ក៏មានភ្ញៀវទេសចរណ៍មួយចំនួនធំ បានត្អូញត្អែរ និងរិះគន់មិនបាត់ពីមាត់ថា តម្លៃតូប និងម្ហូប នាពេលនោះ មិនសមរម្យសោះ។

ការត្អូញត្អែររបស់ភ្ញៀវទេសចរណ៍ ធ្វើឡើងខណៈ ដែលតម្លៃជួលតូបមានតំបូល កើនឡើងរហូតដល់១សែនរៀល ចំណែកកន្លែងមានកន្ទេលអង្គុយរាបស្មើ មានតម្លៃ៤ទៅ៦ម៉ឺន សូម្បីតែតាមទីសាធារណៈ មួយចំនួនដែលពលរដ្ឋធ្លាប់តែលំហែកាយលេង ក៏មានអ្នកបង្ខំអោយបង់លុយ២ម៉ឺន សំរាប់ការអង្គុយលេងនៅទីនោះ។ សរុបទៅពុំមានកន្លែងណា ដែលអាចអោយអ្នកទេសចរណ៍ក្រាលកន្ទេលកម្សាន្តសប្បាយ ជាលក្ខណៈគ្រួសារ ដោយមិនបាច់អស់ប្រាក់បានឡើយ បូករួមទាំងយាន្តជំនិះជាដើម។

ចំនែកឯម្ហូបអាហារវិញរឹតតែឡើងថ្លៃទ្វេដងទៅទៀត ដោយសម្ល ដែលធ្លាប់មានតម្លៃ៤ម៉ឺនរៀល ឡើងថ្លៃរហូតដល់៦៥០០០៛ និងមានតូបខ្លះហាមមិនអោយតថ្លៃថែមទៀតផង ដែលជារឿងមួយធ្វើអោយភ្ញៀវ នៅកំសាន្តទាំងអស់មិនសូវសប្បាយ ហើយបានរិះគន់ដល់មន្ត្រីពាក់ព័ន្ធថា គ្មានវិធានការ។

ទាក់ទងនិងការរិះគន់នេះ សារព័ត៌មាន Post News មិនអាចសុំការបញ្ចេញយោបល់ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានទេ តាមរយៈលេខទូរស័ព្ទ ០១២៨៦៧៨៧៤ ដោយលោកបានបដិសេធ មិនទទួលស្គាល់ខ្លួនថា ជាប្រធានមន្ទីរ។

ដោយឡែកលោក ព្រហ្ម គន្ធិ នាយករដ្ឋបាលសាលាខេត្តកែប បានមានប្រសាសថា ចំពោះរបាយការណ៍ ភ្ញៀវទេសចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ខេត្តកែបទទួលបានភ្ញៀវសរុប ៥៧,៨៨២នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ១,៩៥៥នាក់។ ចំនែកបញ្ហាតម្លើងថ្លៃវិញ លោកថាអាជ្ញាធរពុំបានបង្គាប់បែបនេះទេ ហើយមុនពេលមានបុណ្យទានម្តងៗ មានកិច្ចប្រជុំច្បាស់លាស់អំពីតម្លៃនិងសេវាកម្ម ជាមួយ និងមន្ទីរទេសចរណ៍ថែមទៀតផង។

ចំពោះករណី តម្លៃតូប និងម្ហូបឡើងថ្លៃហួសប្រមាណនេះ លោកស្រីម្នាក់ដែលជាអាជីវករបាន លើកឡើងថា បើសិនអ្នកលក់មិនយកតម្លៃដូចនេះទេ គ្មានលុយបង់អោយថ្លៃម្ចាស់ភាស៊ីឡើយ។ អាជីវករដដែលបន្តថា បើកន្លែងអង្គុយក្រាលកន្ទេលតាមម៉ាត់ឆ្នេរ យកតម្លៃ៤ម៉ឺន គឺអ្នកលក់សល់តែ៥០% ប៉ុណ្ណោះ ចំនែក៥០%ទៀត មានក្រុមម៉ូតូ ដែលជាកូនចៅរបស់លោក យឿន សាង ចាំយកភាស៊ី ដោយមិនអោយចន្លោះលើក្រុមភ្ញៀវណាម្នាក់ឡើយ។ អាជីវករបញ្ជាក់ថា ហេតុដែលគេយកភាស៊ីថ្លៃបែបនេះ គឺដោយសារពួកគាត់ត្រូវបង់ពន្ធមួយចំណែកធំ ចំនួន១៦៥លានរៀល ចូលរដ្ឋ រីឯមួយចំនួនទៀតទុកសម្រាប់ការទាមទាររបស់មន្ទីរទេសចរណ៍។

គួររំលឹកថាការរិះគន់ ពីតំបន់ទេសចរណ៍នៅខេត្តកែបនេះ ក៏ស្រដៀងគ្នា និងការលើកឡើងតាមបណ្តាញសង្គម កាលពីថ្ងៃទី១១ កន្លងទៅនេះ ដែរ ដោយអ្នកទេសចរណ៍និយាយថា គ្រាន់តែឈប់រថយន្តចុះថតរូបលេង ក៏មានអ្នកតាមទារប្រាក់៥០០០៛ ដែរ ជារឿងដែលគួរអោយហួសចិត្ត៕

សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប

https://www.youtube.com/watch?v=gnEbLK5sMBM

មតិយោបល់