ព័ត៌មានជាតិ

ទម្លាប់បុករត់នៅតែមាន!. ព្រុសបើកបត់ម៉ូតូនិចជ្រុលទៅបុក ត្រូវកង់បីឃើញដេញស្ទាក់កាក់បានផ្អើលពលរដ្ឋ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តព្រុស បត់ដោយគ្មានភ្លើងសញ្ញាសម្គាល់ ធ្វើឲ្យម៉ូតូនិចដែលកំពុងបើកបរដោយយុវជនម្នាក់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកក្បាលរថយន្តចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង ផ្លោងអ្នកបើកម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ ចំណែករថយន្តបង្កព្យាយាមបើករត់ តែត្រូវបុរសអ្នករត់កង់បីឃើញ ដេញស្ទាក់កាក់ពីមុខរថយន្ត ផ្អើលប្រជាពលរដ្ឋទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥ នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរសួនច្បារក្តាន់ពីរ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរស២នាក់បានឃើញហេតុការណ៍ផ្ទាល់បានឲ្យថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើក រថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0731 ដែលបើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តនេះបានបួងចង្កូតបត់ឆ្វេង ដោយមិនបានបើកភ្លើងស៊ីញ៉ូបង្ហាញថារថយន្តចង់បត់នោះទេ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ 1GD-0766 ដែលជិះដោយយុវជនម្នាក់ក្នុងល្បឿនលឿនទិសដៅស្របទិសគ្នា វាក់អឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ធ្វើឲ្យម៉ូតូជ្រុលទៅបុកចំទ្វាររថយន្តផ្នែកខាងឆ្វេងមួយទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូហោះប៉ើងជាមួយម៉ូតូបោកដួលរងរបួសធ្ងន់ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ រថយន្តព្រុស មិនឈប់នៅកន្លែងកើតហេតុឡើយ ដោយបានបើកថយក្រោយបន្តិច រួចបួងចង្តូតទៅមុខទៀត ដោយបម្រុងនឹងចង់គេចខ្លួន តែត្រូវបានពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏ដូចជាអ្នកបើកម៉ូតូកង់បីឃើញបែបនេះ ក៏ដេញតាមរថយន្តនោះភ្លាម ៗ ដោយបុរសបើកម៉ូតូកង់បី សុខចិត្តយកម៉ូតូកង់បីរបស់គាត់ ទៅកាក់ពីមុខរថយន្ត ធ្វើឲ្យរថយន្តព្រួសនេះបើកទៅបុកម៉ូតូកង់បីពីចំហៀងខាងឆ្វេងខូចខាតបន្តិចបន្តួច និងគាប់ជាប់ជាមួយរថយន្ត ទៅមុខលែងកើតតែម្តង ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តព្រុសនោះមិនព្រមចុះចេញពីរថយន្តរបស់គាត់ឡើយ បើទោះជាមានសមត្ថកិច្ចជាច្រើននាក់ចុះមកដល់កន្លែងយ៉ាងណាក៏ដោយ ។

ចំណែកយុវជនដែលជិះម៉ូតូម៉ាកនិច រងរបួសនោះត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ឯកជនមួយផងដែរ។

ក្រោយកើតហេតុ ម្ចាស់រថយន្តព្រុសនោះក៏ព្រមចុះចេញពីលើរថយន្តរបស់ខ្លួន ដោយបាននិយាយចរចារជាសំណង២០ដុល្លារ ដើម្បីបញ្ចប់រឿងជាមួយម្ចាស់ម៉ូតូកង់បីបានមួយរឿង ហើយម្ចាស់រថយន្តព្រុសនោះក៏បន្តទៅទទួលខុសត្រូវចំពោះម្ចាស់ម៉ូតូនិច ដែលរងគ្រោះម្នាក់ទៀតនៅមន្ទីរពេទ្យ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ព្រោះមិនចង់មានរឿងវែងឆ្ងាយ៕

មតិយោបល់