កាលពីថ្ងៃទី២៩ មករា តារាមួយក្រុមរួមដែលត្រូវគេស្គាល់ថា ជាសមាជិកក្នុងគ្រុប«គ្រួសារតារាកម្ពុជា» បានដឹកនាំគ្នាជាច្រើន រថយន្តទៅចែកអំណោយដល់សិស្សក្រីក្រ ក្នុងខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះមិនមែនជាលើកទី១នោះទេ ដោយគ្រាន់តែការចុះចែកអំណោយលើកនេះ ត្រូវចំថ្ងៃចូលឆ្នាំចិនចុងក្រោយ និងមានតារាសិល្បៈចូលរួមច្រើននាក់ ខុសពីលើកមុនៗ។
លោក យន សុភ័ក្រ ជាតារាសម្ដែង និងជាប្រធានសមាគមស្នាមញញឹម បានអះអាងថាក្រោមការចូលរួមជាមួយ តារាសិល្បៈមួយចំនួន និងសប្បុរសជន ទើបធ្វើអោយលោកអាចមានលទ្ធភាពដឹកនាំតារាសិល្បៈ និង អ្នកស័្មគ្រចិត្ត យកអំណោយមួយចំនួនទៅផ្ដល់ដល់សិស្សក្រីក្រ នៅខេត្តកំពង់ឆ្នាំង។ លោកថាអំណោយទាំងនោះរួមមានសៀវភៅ ប៊ិច លុយកាក់ និងសម្ភារមួយចំនួន ដោយថវិកាដែលទទួលបាន គឺបានពីការបរិច្ចាគរបស់តារាសិល្បៈក្នុងគ្រុប «គ្រួសារតារាកម្ពុជា» និងពីសប្បុរសជន ដែលមួយចំនួននៅខាងក្រៅប្រទេស។ លោកថាអំណោយទាំងនោះត្រូវបានបែងចែកមួយ ផ្នែកប្រគល់ជូនដល់ក្មេងកំព្រា២នាក់ នៅខេត្តកំពង់ឆ្នាំង និងមួយផ្នែកធំយកទៅផ្ដល់អោយដល់សិស្សក្រីក្រ នៅតំបន់ដាច់ស្រយាលមួយ។ សិស្ស និងគ្រូចំនួនជាង១៤០នាក់ នៅតំបន់គីរីអភិវឌ្ឍន៍ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានទទួលអំណោយនោះ ដោយលោកប្រកាសថាក្រៅពីផ្ដល់សៀវភៅ ប៊ិច និងថវិកាមួយលើកនេះហើយ លោកក៍គ្រោងធ្វើការរ៉ៃអង្គាសថវិកាបន្តទៀត ដើម្បីជួយសង់រោងអាហារដល់សិស្សបឋមសិក្សាគីរីអភិវឌ្ឍន៍ផងដែរ។ លោកថាសាលានោះក្រីក្រ ហើយដាច់ស្រយាល ទើបលោកសម្រេចចិត្តរ៉ៃអង្គាសថវិកាទិញជាសៀវភៅ ប៊ិច សម្ភារៈសិក្សា និងថវិកាជួយដល់សិស្សចំនួន១៣៧នាក់ គ្រូខ្វះខាត៤នាក់ មេភូមិម្នាក់ និងក្មេងកំព្រា៤នាក់ នៅក្នុងសហគមន៍។ លោកថាអរគុណដល់តារាសិល្បៈរួមមានកញ្ញា ពេជ្រ អាវីហ្សា ដែលបានផ្ដល់ជំនួយ តារាសម្ដែងមាស សម្ផស្ស តារាសម្ដែង លោកឃីម រតនៈ តារាចម្រៀង រតនា មេហ្គា និងតារាសម្ដែងជាច្រើនទៀតដែលខ្លះបានផ្ដល់ជំនួយ និងខ្លះចុះទៅជួយដោយផ្ទាល់ ដែលធ្វើអោយកម្មវិធីចែកអំណោយ របស់លោកមានភាពអធឹកអធម ។
មតិយោបល់