កណ្ដាលៈ ជនសង្ស័យដៃដល់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួន បន្ទាប់ពីរូបគេផឹកស៊ីទាស់សម្ដីគ្នា ហើយយកដំបងវាយទៅលើគូទំនាស់ ប៉ុន្តែភ្លាត់ស្នៀតត្រូវមិត្តភក្តិខ្លួនឯងបណ្ដាលឲ្យសន្លំស្ដូកស្ដឹង ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោងប្រមាណ៤និង៤០នាទីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៧ នៅចំណុចបរិវេណសាលាបឋមសិក្សាព្រែកស្បូវ ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អុល វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនដៃដល់ឈ្មោះ ឌីម ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដែដល់រួមជាមួយមិត្តភក្ដិ៣នាក់ទៀតមានឈ្មោះ ផុន សូនី ឈ្មោះ ផុន សុទី ឈ្មោះ ភ័ន បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះម្ដាយរបស់ឈ្មោះ ផុន សូនី។ ក្រោយពេលផឹកអស់ស្រាបៀរចំនួន១កេសកន្លះ វេលាម៉ោង៤រសៀលថ្ងៃដដែល ពួកគេបាននាំគ្នាទៅលេងទាត់បាល់ នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីពួកគេនាំគ្នាលេងទាត់បាល់បានប្រមាណ១០នាទី ស្រាប់តែមានឈ្មោះ ធឹង ស៊ាងហេង ភេទប្រុស ដែលកំពុងតែផឹកស៊ីក្បែរនោះឃើញ ក៏ដើរសំដៅទៅរករឿងឈ្មោះ ផុន សូនី រួចបានទាក់ពាក្យសម្ដីគ្នា ហើយឈ្មោះ ធឹង ស៊ាងហេង បានវាយទៅលើ ផុន សូនី មួយដៃចំមុខ ឃើញដូចនោះ ឈ្មោះ ផុន សូនី ផុន សុទី និងឈ្មោះ ឌីម ឌីណា (ជនដៃដល់) រួមទាំងជនរងគ្រោះបាននាំគ្នាកាច់ដំបងឈើគ ដែលដោតធ្វើបង្គោលទីលេងបាល់ជា៣កំណាត់ រួចរត់សំដៅវាយទៅលើឈ្មោះ ធឹង ស៊ាងហេង ពេលនោះដៃដល់បានយកដំបងវាយទៅលើឈ្មោះ ធឹង ស៊ាងហេង តែបែរជាត្រូវជនរងគ្រោះជាមិត្តភក្ដិ ដែលរត់ទៅតំណាលគ្នា មួយដំបងពេញទំហឹងចំគុម្ពត្រចៀកខាងឆ្វេង បណ្ដាលឲ្យដួលសន្លប់បាត់ស្មារតីតែម្ដង។ ជនសង្ស័យក៏បន្តរត់តាមឈ្មោះ ធឹង ស៊ាងហេង ទៀតតែត្រូវបានមិត្តភក្ដិរបស់ ធឹង ស៊ាងហេង ចាប់ឃាត់ចេញពីគ្នា ហើយជនសង្ស័យបានមកជួយមើលជនរងគ្រោះវិញ រួចបងប្អូនបានយកជនរងគ្រោះទៅសង្រ្គោះនៅពេទ្យប្រទេសវៀតក៏ដាច់ខ្យល់ស្លាប់តាមផ្លូវនៅដីវៀតណាម។ បន្ទាប់មកបានយកសពជនរងគ្រោះមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនដៃដល់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់