ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង Volkswagen នឹងប្រកាសប្រមូលរថយន្តប្រមាណជិត ៦ សែនគ្រឿង ក្នុងទឹកដីសហរដ្ឋអាមេរិក ដែលភាគច្រើនគឺជាប្រភេទរថយន្តលំដាប់ប្រណិតម៉ាក Audi ក្រោយពីគេរកឃើញថាមានបញ្ហាឡើងកម្តាំងអាចបណ្តាលឱ្យឆាបឆេះ ឬពោងខ្យល់សុវត្ថិភាពមិនដំណើរការ។
ទោះយ៉ាងណា គេពុំទាន់រកឃើញឧប្បតិ្តវហេតុអាក្រក់ណាមួយកើតឡើងជាប់ពាក់ព័ន្ធនឹងបញ្ហាទាំងនេះនៅឡើយទេ នៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ NHTSA ថ្លែងនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃម្សិលមិញ។
ការប្រកាសប្រមូលរថយន្តនៅអាមេរិកនេះ គឺធ្វើឡើងក្រោយពីហេតុការគ្រោះថ្នាក់ជាស៊េរីមួយបានកើតឡើងនៅក្នុងប្រទេសចិន និងអីស្រាអ៊ែល ក្នុងឆ្នាំ ២០១៦។
ក្រុមហ៊ុន Volkswagen បាននិយាយថា «បណ្តាក្រុមហ៊ុនចែកចាយបន្តរបស់យើង នឹងធ្វើការជុសជុល និងប្តូរគ្រឿងបន្លាស់ថ្មីចំពោះរថយន្តដែលត្រូវបានរកឃើញថាមានបញ្ហាដោយឥតគិតថ្លៃ»។
ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោករបស់អាល្លឺម៉ង់ បានបន្ថែមទៀតថា «រថយន្ត Audi ជាង ២៣៤,០០០ គ្រឿង ម៉ូដែល A5 ដែលស៊េរីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ អាចនឹងជួបបញ្ហាពោងសុវត្ថិភាពមិនរលាស់ល្អដោយសារច្រេះស៊ី»។
ដោយឡែក ប្រដាប់ជួយឱ្យម៉ាស៊ីនចុះត្រជាក់ ដែលបានបំពាក់លើរថយន្ត Audi ជាង ២៣៤,៨០០ គ្រឿង ម៉ូឌែល A4s, A5s, A6s, និង Q5s ផលិតមុន និងក្នុងឆ្នាំ ២០១២ ត្រូវបានរកឃើញថាអាចនឹងខូច ហើយនាំឱ្យម៉ាស៊ីនរថយន្តឡើងកម្តៅខ្លាំង អាចបង្កឱ្យឆាបឆេះបាន។ មួយវិញទៀត រថយន្ត Audi ម៉ូឌែល A4, A6, Q7 និង Q5 ស៊េរីឆ្នាំ ២០១៧ និង ២០១៨ ចំនួន ៥៩០១ គ្រឿង ក៏ប្រឈមនឹងបញ្ហាពោងខ្យល់ និងខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ។
រដ្ឋបាល NHTSA មិនបានបញ្ជាក់ថាតើ ពោងខ្យល់ដែលមិនដំណើរការទាំងនោះផលិតឡើងដោយក្រុមហ៊ុន Takata របស់ជប៉ុន ឬអត់នោះទេ ដែលនេះ គឺជាដើមហេតុនៃការប្រកាសប្រមូលយកមកវិញនូវផលិតផលរថយន្តធំបំផុត និងស្មុគស្មាញបំផុតមិនធ្លាប់មានក្នុងទឹកដីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាក្រុមហ៊ុន Volkswagen ក៏ទើបបានប្រកាសប្រមូលរថយន្ត ១៣៦,០០០ គ្រឿង នៅអាមេរិកក្រោយរកឃើញបញ្ហាប្រព័ន្ធហ្វ្រាំង ហើយកាលពីឆ្នាំមុន ក្រុមហ៊ុនក៏បានប្រកាសប្រមូលរថយន្ត ១៤៧.៩៥៥គ្រឿង ក្នុងប្រទេសចិន ត្រឡប់មកវិញផងដែរ៕
ប្រភពព័ត៌មាន៖ indiatimes
មតិយោបល់