(សេអ៊ូល)៖ ក្រុមមន្ត្រីអាមេរិក និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគពីរគ្រាប់ចូលក្នុងសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដមីស៊ីលប្រភេទនេះលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកមក។
ការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើងជាទង្វើត្រូវបានហាមឃាត់ ដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនបាន ចាត់ទុកថាការធ្វើតេស្ដនេះគឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ កូរ៉េខាងត្បូងបានទទួលស្គាល់ដូចគ្នាថាកូរ៉េខាងជើង បានធ្វើតេស្ដ មីស៊ីលពីរគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តែមិនទាន់អាចកំណត់ពីប្រភេទមីស៊ីលត្រូវបានបាញ់តេស្ដនៅឡើយទេ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង នឹងកោះប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាពីការធ្វើតេស្ដមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង
កូរ៉េខាងជើងកាលពីចុងសប្ដាហ៍កន្លងទៅក៏ត្រូវបានគេរាយការណ៍ដែរថាបានធ្វើតេស្ដមីស៊ីលរយៈចំម្ងាយខ្លីពីរគ្រាប់ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបដិសេធ ចូលរួមក្នុងកិច្ចចរចាជាមួយរដ្ឋបាលលោក បៃដិន៕
BBC៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
មតិយោបល់