ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ រួមជាមួយនិងថ្នាំញៀនជាង២០កញ្ចប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមជាមួយនិងថ្នាំញៀនចំនួន២៤កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ ធ្វើការចាប់ខ្លួន ក្រោយពីត្រួតពិនិត្យនិងឆែកឆេរ រកឃើញមានថ្នាំញៀនជាប់នឹងខ្លួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង ៤០នាទី រសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើមានឈ្មោះ អ៊ុក ម៉ុន ហៅម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិព្រែកខ្សាយក ឃុំព្រែកខ្សាយ ស្រុកពាមជ ខេត្តព្រៃវែង ។

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា ចំនួន២៤កញ្ចប់ (សង្ស័យជាគ្រឿង ញៀន ), ប្រអប់ដែកម៉ាក Cafe Creme ចំនួន១ ,កូនកាបូបដៃក្រឡាហូល ចំនួន១,កូនកាំបិតជៀរដងពណ៌ខៀវ ចំនួន១ ,ទុយោ១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយ ចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់