ព័ត៌មានជាតិ

បើកម៉ូតូបុកគោ បណ្តាលឲ្យដួលបោក.ក ស្លាប់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូទៅបុកគោដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យដួលម៉ូតូបាក់.កស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង ៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិជ្រែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួលម្តុំតាំងកសាង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយមានប្រពន្ធឈ្មោះ មួយ ណា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-1669 ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានគោមួយក្បាល មិនដឹងដើរមកពីណា បានដើរឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់។

ក្រោយពីកើតហេតុ ប្រពន្ធបានបញ្ជូនជនរងគ្រោះជាប្តីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ដោយសារតែសភាពជនរងគ្រោះធ្ងន់ធ្ងរពេក ពេទ្យមិនហ៊ានទទួលនោះទេ ទើបដឹកជនរងគ្រោះមកវិញ លុះមកដល់ចំណុចមុខវត្តសំរោងអណ្តែត ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ទៅហើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តស្វាយរៀង៕

https://youtu.be/t0rci4lrLp8

មតិយោបល់