ព័ត៌មានបច្ចេកវិទ្យា

ទាយាទក្រុមហ៊ុន Samsung គ្រុប អាចប្រឈមនឹងដីកាចាប់ខ្លួនមួយផ្សេងទៀត

យោងតាមរបាយការណ៍ថ្មីមួយពីប្រទេសកូរ៉េចេញផ្សាយនៅថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាពិសេសដែលទទួលខុសត្រូវលើការស៊ើបអង្កេតក្នុងសំណុំរឿងសូកប៉ាន់ និងពុករលួយ ជាប់ពាក់ព័ន្ធទៅនឹងមនុស្សជំនិតរបស់លោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង Park Guen-hye និងទាយាទក្រុមហ៊ុន Samsung គ្រុប លោក Lee Jae-yong គឺទំនងជានឹងស្នើឱ្យតុលាការចេញដីកាចាប់ខ្លួនលោក Lee ជាលើកទីពីរ បន្ទាប់ពីសំណើរលើកទីមួយរបស់ពួកគេ ត្រូវបានតុលាការបដិសេធ ដោយសារពុំមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកដល់ជនជាប់ចោទ

របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតឯករាជ្យរបស់ក្រុមរដ្ឋអាជ្ញាពិសេស កំពុងស្វះស្វែងប្រមែប្រមូលភស្តុតាងបន្ថែមទៀតដើម្បីគាំទ្របទចោទរបស់ពួកគេ។ ជាមួយគ្នានោះ លោក Hwang Sung-soo ជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung Electronics និងជាអនុប្រធានសហព័ន្ធអ្នកជិះសេះកូរ៉េ ត្រូវបានកោះហៅមកសាកសួររួចទៅហើយ ជុំវិញតួនាទីក្រុមហ៊ុន Samsung ក្នុងការគាំទ្រកូនស្រីរបស់លោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់លោកស្រី Park Guen-hye ឈ្មោះ Chung Yoo-ra។

ក្រុមនោះ ត្រូវបានគេរាយការណ៍មកថា បានប្រមូលយកភស្តុតាងពិស្តារដែលអាចបញ្ជាក់ថា Samsung បានព្យាយាមសូកប៉ាន់នាង Chung ដោយការសន្យាផ្តល់សេះពូជល្អមានតម្លៃមួយក្បាលថ្មី ដែលផ្ទុយពីការអះអាងរបស់ក្រុមហ៊ុនថា ខ្លួនត្រូវបានបង្ខំឱ្យធ្វើការបរិច្ចាគក្នុងផ្នែកណាមួយនោះ។

ក្រុមរដ្ឋអាជ្ញា ក៏បានធ្វើការកោះហៅលោកស្រី Park Guen-hye មកសាកសួរតទល់មុខគ្នាផងដែរ នៅដើមខែក្រោយនេះ ហើយពួកគេរំពឹងថា ព័ត៌មានថ្មីដែលទទួលបានក្នុងដំណើរការស៊ើបអង្កេតរបស់ពួកខ្លួន នឹងអាចប្រើជាភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលឱ្យតុលាការឱ្យចេញដីកាចាប់ខ្លួនលោក Lee ដាក់ពន្ធធនាគារ៕

ប្រភពព័ត៌មានៈ sammobile

មតិយោបល់