ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូទៅធ្វើការងារ ត្រូវជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ហើយជនសង្ស័យដួលម៉ូតូឃាត់ខ្លួនបានមួយនាក់ ចំណែក៣នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥៦៦ កែងនិងផ្លូវ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ ផាន សុភារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទពុំចាំលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ជឹម សំណាង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអង្គការ New Funding Model ស្នាក់នៅផ្ទះលេខ២៦៨ ផ្លូវលេខ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៨និង១៥នាទី ជនរងគ្រោះជិះម៉ូតូ ម៉ាក Suzuki Smash ពណ៌ក្រហម-ខ្មៅ ពាក់ស្លាក លេខកណ្តាល 1I-2320 មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2017 ពីរគ្រឿង បានតាមជនរងគ្រោះពីក្រោយក្នុងទិសដៅស្របគ្នាពីលិចទៅកើត ហើយបានអែបទន្ទឹមខាងឆ្វេង ធ្វើសកម្មភាពឆក់យកកាបូបដែលជនរងគ្រោះកំពុងស្ពាយបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួសដៃទាំងសងខាង ចំណែកម៉ូតូរបស់ជនសង្ស័យបានដួលដែរ ភ្លាមនោះមានការអន្តរាគមន៍ពីសមត្ថកិច្ចឃាត់ខ្លួនបានជន សង្ស័យ១នាក់ និងយកកាបូបជនរងគ្រោះបានមកវិញ ចំណែកជនសង្ស័យ៣នាក់ បានជិះម៉ូតូគេចខ្លួនបាត់។
សមត្ថកិច្ចដកហូតកាបូបស្ពាយពណ៌ខ្មៅ មួយ ម៉ាក Michealkors ដែលក្នុងនោះមានកូនកាបូប ពណ៌ស ម៉ាក Chanel ប្រាក់រៀលចំនួន ៤០៥០០០រៀល ទូរសព្ទមួយគ្រឿងម៉ាក Nokia 105 ពណ៌ខៀវ ប័ណ្ណសម្គាស់ម៉ូតូ១សន្លឹក អត្តសញ្ញាណប័ណ្ណខ្មែរ១សន្លឹក និងកាត ATM ធនាគារអេស៊ីលីដា១សន្លឹក (បានប្រគល់ឱ្យ ជនរងគ្រោះវិញ)។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/fs15RvlHMPA



មតិយោបល់