ភ្នំពេញៈ ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងដើរជាមួយប្អូនប្រុស ខណៈកំពុងដើរស្រាប់តែជនសង្ស័យជិះម៉ូតូមកក្បែរធ្វើសកម្មភាពឆក់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះលេខ២៤២ ផ្លូវ១៣៨ ក្នុងសង្កាត់ទឹលល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ រ៉ង ភ័ត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដនិងទី២ឈ្មោះ វ៉ា នូត អាយុ១៧ មុខរបរ មិនពិតប្រាកដ ជាសិស្សសាលា ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរូបស្រស់២នាក់បានជូនប្អូនប្រុសរបស់ខ្លួនម្នាក់ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកទាំង៣ដើរតាមបណ្តោយផ្លូវ១៣៨ ក្នុងទិដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុមុខផ្ទះលេខ២៤២ ជនសង្ស័យមានគ្នា២នាក់ប្រុស ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GE-0001 ធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះបានសម្រេចរួចក៏ជិះរត់គេចខ្លួន។
បន្ទាប់ពីឆក់រួច ជនរងគ្រោះបានស្រែកឆោឡោ ឲ្យប្រជាពលរដ្ឋនាំគ្នាជួយស្ទាក់ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋធ្វើការដេញតាម រហូតជនសង្ស័យភ័យជ្រុលចង្កូតជិះទៅបុក ធុងលក់ទឹកអំពៅដួលម៉ូតូ ត្រូវបានសមត្ថកិច្ចក្របួចបានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំនឹងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់