ព័ត៌មានជាតិ

ក្មេងៗដុតផាវ និងកាំជ្រួច ឆេះផ្ទះ៧ខ្នងនៅស្រុកទឹកឈូ

កំពតៈ ផ្ទះឈើចំនួន៧ខ្នងនៅផ្សារត្រពាំងរពៅ ត្រូវបានអគ្គិភ័យ ឆាបឆេះបន្តបន្ទាប់គ្មានសល់ និងបំផ្លាញទ្រព្យសម្បត្តិអស់ជិត១០ម៉ឺនដុល្លា។

អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៣០ មករា ម្សិលមិញ ត្រង់ចំណុចផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

លោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការស្រុកទឹកឈូ បានឲ្យ​ដឹងថា មូលហេតុបណ្ដាលឲ្យ​មានការឆាបឆេះនេះ គឺដោយសារក្មេងដុតផាវនិងកាំជ្រួចលេង ដើម្បីសប្បាយក្នុងពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ប៉ុន្តែការដុតលេងមិនប្រយ័ត្នធ្វើឲ្យខ្ទាតប៉ះតូបលក់សាំងតំបន់ បង្កជាអណ្តាតភ្លើងតែម្តង។

លោកអនុសេនីយ៍ឯកបន្តថា ផ្ទះទាំង៧ខ្នងនោះរួមមាន៖ ទី១ របស់ឈ្មោះ ជូន ញេន មាន​ទំហុំ៦x២១ម៉ែត្រ រងការខូចខាតអស់ទ្រព្យសម្បត្តិ២០០០០ដុល្លារ។ ទី២ របស់ឈ្មោះ សាន ពិសិដ្ឋ ទំហុំ៤x៦ម៉ែត្រ ខូចខាតអស់១៥០០ដុល្លារ។ ទី៣ ឈ្មោះ កេត សំណាង ទំហុំ ១៣x៤ ម៉ែត្រ ខូចខាតអស់១០០០០ដុល្លារ។ ទី៤ ឈ្មោះ អូន យឿន មានទំហុំ ៥x១០ ម៉ែត្រ ខូចខាតអស់៥០០០ដុល្លារ។ ទី៥ ឈ្មោះ ប៉ូ ខា មានទំហុំ២៥x៦ម៉ែត្រ ខូចខាតអស់៥០០០ដុល្លារ។ ទី៦ ឈ្មោះ ព្រីង អឿន ផ្ទះទំហុំ ២៥x៦ ម៉ែត្រ រងការខូខខាត១៥០០០ដុល្លារ និងទី៧ របស់លោក ជួន សុខុន មានទំហុំ២៥x៦ម៉ែត្ររងការខូចខាត៨០០០ដុល្លារ។

លោកអនុសេនីយ៍ឯកបញ្ជាក់ថា ចំពោះផ្ទះ៧ខ្នងខាងលើ ត្រូវរងការខូចខាតទាំងស្រុង និងសរុបជាទឹកប្រាក់អស់ជិត១០ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ក្រោយពេលបង្កការឆាបឆេះ ភ្លាមៗសមត្ថកិច្ចបានខំស្វែង​ជួយអន្តរាគមន៍ ដោយបានចេញរថយន្តទឹកជាបន្តបន្ទាប់ជួយពន្លត់ដែរ តែដោយ​សារកន្លែងកើតហេតុមានចម្ងាយឆ្ងាយពីស្នងការដ្ឋាន ប្រមាណជា៤០គីឡូម៉ែត្រ ទើបបណ្តាលឲ្យ​រងគ្រោះធ្ងន់បែបនេះ៕

មតិយោបល់