បន្ទាប់ពីមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ មករា តារាចម្រៀងល្បីឈ្មោះកាលពីជាង១០ឆ្នាំមុន បានអះអាងថាអ្នកនាងឈប់ទៅរស់នៅសហរដ្ឋអាម៉េរិកទៀតហើយ ដើម្បីត្រលប់មកសាងកេរ្តិ៍ឈ្មោះដូចដើមនៅលើប្រទេសកំណើត។ អ្នកនាងបានសារភាពថាឈប់អាល័យទឹកដីអាម៉េរិកទៀតហើយ ដោយសូម្បីតែកូន២នាក់ របស់អ្នកនាងដែលមិនព្រមចុះមកស្រុកខ្មែរជាមួយ ក៏អ្នកនាងប្រកាសទុកអោយពួកគេរៀនឈរដោយខ្លួនឯង ពេលគ្មានអ្នកនាងនៅមើលថែនោះផងដែរ។
អ្នកនាងគីង សូរិយា និយាយថា មុនទៅអាម៉េរិកអ្នកនាងមានកូនមួយមកទល់ពេលនេះអាយុបាន២៥ឆ្នាំហើយ ដោយក្រោយធានាយកទៅអាម៉េរិកក៏ទទួលបានសញ្ជាតិដូចគ្នា នឹងជនជាតិដើមនៅលើទឹកដីនោះដែរ។ ដោយឡែកអ្នកនាងក៏មានកូនស្រីម្នាក់ទៀត ជាមួយស្វាមីទី២នៅអាម៉េរិក ដែលមកដល់ពេលនេះមានអាយុ១៥ឆ្នាំផងដែរ ដោយអ្នកទាំងពីកាលពីមុនគឺស្ថិតក្រោមការមើលថែរបស់អ្នកនាង ប៉ុន្តែក្នុងពេលអ្នកនាងសម្រេចចិត្តមករស់នៅស្រុកខ្មែរឈប់ត្រលប់ទៅក៏ទុកអោយពួកគេមើលថែខ្លួនឯង។ អ្នកនាងថាក្រោយការបែកបាក់ជាមួយស្វាមីនៅប្រទេសអាម៉េរិកកាលពីឆ្នាំ២០០៥ គឺអ្នកនាងចង់មករស់នៅកម្ពុជាយូរហើយ តែដោយសារជាប់បន្ទុករឿងកូន ទើបចេះតែអូសបន្លាយនៅច្រៀងនៅអាម៉េរិកទាំងលំបាកខ្លះស្រណុកខ្លះ។ អ្នកនាងថានៅអាម៉េរិកអត់មានអាជីវកម្មនោះទេ ដោយអ្នកនាងត្រូវដើរច្រៀងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីចិញ្ចឹមខ្លួន ទើបអ្នកនាងយល់ថារស់នៅអាម៉េរិកមិនស្រួលដូចនៅកម្ពុជា ហើយសម្រេចចិត្តចុះមកតែម្ដង បើទោះជាកូនទាំង២នៅអាម៉េរិកមិនចង់អោយមក។ អ្នកនាងថារវាងអ្នកនាង និងស្វាមីចុងក្រោយបានលែងលះគ្នា ផ្លូវច្បាប់រួចរាល់តាំងពីឆ្នាំ២០០៥ តែអ្នកនាងមិនមានគម្រោងសិក្សាបុរសណាម្នាក់ ដើម្បីចង់សម្ព័ន្ធគ្នាធ្វើជាប្ដីប្រពន្ធទៀតទេ។ អ្នកនាងថាសុខចិត្តដាច់ដាច់មករស់នៅស្រុកខ្មែរចោលកូនៗ មិនមែនដើម្បីចង់បានប្ដីសីនោះទេ តែបំណងធំរបស់ខ្លួន គឺចង់ត្រលប់មកបម្រើវិថីសិល្បៈ ហើយទទួលបានការស្រឡាញ់ពេញចិត្តដូចគ្នា នឹងពេលអ្នកនាងមុនចេញទៅផ្ញើខ្លួននៅអាម៉េរិកលើកមុន។ អ្នកនាងថាបើទោះជាសន្ទុះគាំទ្រ មិនបានដូចដើម ក៏អ្នកនាងមិនត្រលប់ទៅរស់នៅអាម៉េរិកវិញដែរ ដោយសារតែភាពជាក់ស្ដែងគឺអ្នកចង់ត្រលប់មកពីតាំងពីបែកប្ដីនៅអាម៉េរិកភ្លាមៗ ប៉ុន្តែកូនស្រីទី២នៅតូចនៅឡើយ ទើបមិនហ៊ានដើរចោល។ យ៉ាងណាមិញ អ្នកនាងថាអាចឡើងទៅអាម៉េរិកម្ដងម្កាល ដើម្បីមើលកូន និងបំពេញឯកសារខ្លះដើម្បីកុំអោយដាច់សញ្ជាតិដែលខំតស៊ូ។
មតិយោបល់