ព័ត៌មានជាតិ

សមត្ថកិច្ច កំណត់បានទីតាំងជនសង្ស័យ ពួនស្ទាក់ចាំធ្វើសកម្មភាព គប់ដុំថ្មលើពលរដ្ឋ ត្រង់ចំណុចជ្រោះមរណៈ

ប៉ៃលិនៈ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន ដែលបើកបរម៉ូតូ និងរថយន្តតាមផ្លូវចេញពីក្រុងប៉ៃលិនឆ្ពោះទៅព្រំដែនកម្ពុជាថៃ កំពុងកើតក្តីបារម្ភ ខណៈមានជនសង្ស័យចាំយកដុំថ្មគប់ពីកំពូលកូនភ្នំ មកលើម៉ូតូ និងរថយន្តរបស់ពួកគាត់ ក្នុងគោលបំណងមិនល្អ ហើយទីតាំងដែលក្រុមជនសង្ស័យចាំធ្វើសកម្មភាពនោះគឺនៅត្រង់ចំណុចជ្រោះមរណៈ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រោយពីទទួលការការព្រួយបារម្ភពីពលរដ្ឋរួចមក ទើបលោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ក្រិញ ទៀង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកងកម្លាំងនគរបាលចម្រុះ ចុះធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង។

លោកឧត្តមសេនីយ៍ត្រី ក្រិញ ទៀង ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានជនខិលខូច ពួនស្ទាក់ចាំយកដុំថ្មគប់លើប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិលេខ ៥៧ ពីប៉ៃលិនឆ្ពោះទៅព្រំដែន លោកក៏បានដឹកនាំកម្លាំងចុះមកពិនិត្យ។ ជាលទ្ធផល សមត្ថកិច្ចជំនាញ បានធ្វើការកំណត់ទីតាំងជនសង្ស័យពួនស្ទាក់ចាំធ្វើសកម្មភាព និងបានដាក់ផែនការណ៍ទៅតាមនីតិវិធី។

គួរបញ្ជាក់ថា ទីតាំងខាងលើជាកន្លែងមិនមានផ្ទះប្រជាពលរដ្ឋរស់នៅក្បែរ ហើយក៏ដាច់ស្រយាលពីគេ ទើបក្លាយទៅជាកន្លែងល្អសម្រាប់ជនខិលខូចឆ្លៀតឱកាសធ្វើសកម្មភាពផ្សេងៗ ហើយចំណុចខាងលើ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ផងដែរ ដោយផ្លូវមានលក្ខណៈកោង និងស្ងាត់ ទើបធ្វើឲ្យអ្នកបើកបរខ្លាច បើកបរក្នុងល្បឿនលឿន៕

មតិយោបល់