ព័ត៌មានជាតិ

សាហាវមែន!.. ផឹកស៊ីក្លែមសម្តី ចាក់ប្រហារគ្នាដល់ស្លាប់

បាត់ដំបង: យុវជន២នាក់ ដែលជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីជាមួយគ្នា សើចសប្បាយយ៉ាងក្អាកក្អាយ ដោយផឹកស្រាថ្នាំ អស់ជិត១លីត្រ ក៏ចាប់ផ្តើមក្លែមសម្តីទៅវិញទៅមក រហូតឈានទៅជាទំនាស់កាប់ចាក់ប្រហារយ៉ាងសហាវ សម្លាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧នៅចំណុចភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧ មានករណីមនុស្សឃាតមួយបានកើតឡើងដោយសារតែទំនាស់ផ្តើមចេញពីពាក្យសម្តី ក្នុងពេលផឹកស៊ីឈានដល់កាប់សម្លាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ម្នាក់ ហើយបន្ទាប់ពីកើតហេតុ ជនដៃដល់បានរួចរត់គេចខ្លួនបាត់។

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ សាន ទូច ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានកាប់និងចាក់ជនរងគ្រោះឈ្មោះ ម៉ង់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅខេត្តសៀមរាបបណ្តាលឲ្យស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យកងពលតូចលេខ៥៣។

បន្ទាប់ពីកើតហេតុហើយ ជនសង្ស័យរត់គេចខ្លួនបាត់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់