ព័ត៌មានជាតិ

ស្ត្រីម៉ាស្សា២នាក់ ត្រូវបានលោក ស៊ិន វិរៈ ដោះលែងដែលពាក់ព័ន្ធរឿង លួចលុយភ្ញៀវ

ភ្នំពេញ: បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនស្ត្រីម៉ាស្សា ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចលុយភ្ញៀវ កាលព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនោះ នៅរសៀលថ្ងៃដដែល លោក ស៊ិន វិរៈ តំណាងអយ្យការ បានសម្រេចដោះលែងស្ត្រីសង្ស័យទាំង២នាក់ឱ្យមានសេរីភាពវិញ។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សៅ សុខហេង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះលេខ១៣០អា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិពាមរ៍ ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២-ឈ្មោះ ហេង ធូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅជាមួយជនសង្ស័យទី១ មានស្រុកកំណើត ភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។

ស្រ្តីជនសង្ស័យ ទាំង២នាក់ បានជួលផ្ទះខាងលើ ប្រកបរបរកោសជប់ម៉ាស្សា និងប្រព្រឹត្តសញ្ចារកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍​សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថា ក្រុមជនសង្ស័យ បានរួមគំនិតគ្នាលួចលុយ ទ្រព្យសម្បត្តិភ្ញៀវចូលម៉ាស្សា ចំនួន២ដងផ្ទួនៗគ្នា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ។

ពាក់ព័ន្ធករណីដោះលែងស្ត្រីសង្ស័យទាំង ២នាក់ខាងលើនេះ យើងបានផ្ញើសំនួរទៅកាន់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងគ្រុបព័ត៌មានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែលោកមិនបានឆ្លើយតបនោះទេ។

លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានថ្លែងថា លោកបានទទួលដីកា របស់លោក ស៊ិន វិរៈ តំណាងអយ្យការ បានសម្រេចដោះលែងស្ត្រីជាជនសង្ស័យ ទាំង២នាក់នោះមែន៕

មតិយោបល់