ភ្នំពេញ: ក្រុមអ្នកស្លៀកសម្លៀកបំពាក់ឈុតខ្មៅ៣នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ខណៈពួកគេរឹងរូសនាំគ្នាទៅពន្ធនាគារព្រៃសរ ដើម្បីទាមទារឲ្យដោះលែងមន្រ្តី NGOs ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ១រូប។
រហូតដល់ម៉ោងនេះ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោរ បានឃាត់ខ្លួន សមាជិកអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដីធ្លី ០៦នាក់ ដែលចូលរួមក្នុងយុទ្ធនាការស្លាក់ពាក់់ខ្មៅ ទាមទារតវ៉ា ដោយដោះលែង មន្ត្រី អាដហុង និង គ.ជ.ប ទាំង០៥នាក់។
ជនដែលគេចាប់ខ្លយមាន៖
– លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត
– លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ
– អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា
– កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់
– អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់
– អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋ បឹងកក់
បើតាមអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់អ្នកសារព័ត៌ឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិល ៣នាក់ ពេលពួកគេបានធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ដង្ហែក្បួនទៅកាន់ពន្ធនាគារព្រៃស ក្នុងបំណងទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងសំណុំរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា និងស្រីមុំ កាលពីពេលកន្លងទៅនោះ។
លោកអភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា មន្រ្តីសង្គមស៊ីវិល ដែលឃាត់ខ្លួននោះរួមមាន លោក អ៊ី សារ៉ុម នាយកអង្គកា STT និង លោក ថាវ គឹមសាន នាយករងលីការដូ ដោយឡែកស្រ្តីម្នាក់ទៀត មិនទាន់មានការបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។
ក្រៅពីការឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិលទាំង ៣នាក់នេះហើយ សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដង្កោ ក៏បានរារាំងដំណើររបស់សកម្មជនបឹងកក់ផងដែរ ពេលពួកគេនាំគ្នាស្លៀកពាក់ឈុតខ្មៅ ដើរក្បួនសំដៅទៅពន្ធនាគារព្រៃសនោះ។
ក្រុមអង្គការសង្គមស៊ីវិល បន្ទាប់ពីបានចូលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហើស កាលពីថ្ងៃទី០៤ ខែឧសភា រួចហើយនោះ បានប្រកាស និងអំពាវនាវដល់មន្រ្តីអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសកម្មភាព និងយុទ្ធនាការស្លៀកពាក់ខ្មៅចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហ៍រវាងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ និងស្រីមុំ។
នៅថ្ងៃទី០៨ ខែឧសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕
មតិយោបល់