ព័ត៌មានជាតិ

ឡិចស៊ីស RX330 បើកលឿនរេចង្កូតចូលហាងសាច់អាំង សូលីន៨៨បាក់ខ្ទេច

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តឡិចស៊ីស RX330 មួយគ្រឿងអ្នកបើកបរស្រវឹង ក្នុងល្បឿនលឿន ដល់ផ្លូវច្រកចូលផ្ទះ បួងចង្កូតបត់ ជ្រុលទៅបុកហាងសាច់អាំងយីហោយ សូលីន៨៨ បណ្តាលឲ្យបាក់រោងសង្កត់លើរថយន្ត តែមិនបណ្តាលឲ្យរងរបួសដល់នរណាម្នាក់នោះទេ។

ហេតុការណ៍នេះកើតនៅវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី៣ កុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខការ៉ាស់ លឹម ឡុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2937 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀត សុទ្ធតែស្រវឹង គេចខ្លួនបាត់អស់ ព្រោះផ្ទះនៅជិតកន្លែងកើតហេតុ។

បើតាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុពេលកើតហេតុគេឃើញរថយន្តខាងលើបើកតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុជាច្រកចូលផ្ទះម្ចាស់រថយន្ត ដោយអ្នកបើកបរបានបួងចង្កូតបត់ តែដោយល្បឿនលឿនពេក ទប់ចង្កូតមិនជាប់ បានរេជ្រុលទៅបុកគម្របលូ និងបុករោងហាងសាច់អាំង សូលីន៨៨ បាក់រោងសង្កត់លើរថយន្តរងការខូតខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ នៅក្នុងហេតុការណ៍នេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ តែមិនត្រូវបានការពឹងពាក់ពីភាគីទាំងសងខាងឲ្យនោះឡើយ ដោយមានឪពុកម្ចាស់រថយន្តចេញមុខមកដោះស្រាយជាមួយម្ចាស់ហាង ក្រៅប្រព័ន្ធព្រោះជាអ្នកជិតនឹងខាងគ្នា៕

មតិយោបល់