ព័ត៌មានជាតិ

CRV បើកលឿនទៅបុកខឿនរង្វង់មូលព្រហ្មមុខបួន ដាច់កាឡេទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់បើករថយន្ដCRV ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ត្រង់ចំណុចផ្លូវកោង ជ្រុលចង្កូតបុកខឿនរង្វង់មូលព្រហ្មមុខបួន បណ្ដាលឲ្យរថយន្ដដាច់កាឡេ និងបែកកង់មុខក្រោយ ទៅមុខលែង។ សំណាងល្អមិនបណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីយប់ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ដបង្កម៉ាកCRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1246 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ទិសដៅពីខេត្តចូលភ្នំពេញ ក្នុងល្បឿនលឿន។ ពេលមកដល់ចំណុចផ្លូវកោង រថយន្តមិនបន្ថយល្បឿន ក៏ជ្រុលបុកខឿនសួនច្បារទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបែកកង់ ក៏រេចង្កូតជ្រុលទៅបុកខឿនរង្វង់មូលបណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ខាងមុខ ផ្នែកខាងឆ្វេង ទៅមុខលែងរួច តែមិនបណ្ដាលឲ្យម្ចាស់រថយន្ដរងរបួសនោះទេ។

ក្រោយកើតហេតុដោយមិនឃើញសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ម្ចាស់រថយន្ដបានហៅរថយន្ដស្ទូចឯកជន មកស្ទួចរថយន្ដរបស់ខ្លួនបំណងយកចេញពីកន្លែងហេតុ តែដោយប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ច ទើបបញ្ជាឲ្យកម្លាំងមូលដ្ឋាន ចុះមកកន្លែងកើតហេតុ ឃាត់ទាំងម្ចាស់រថយន្ដនិងរថយន្ដ យកទៅកាន់ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់