ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតសេ១២៥ពេញទំហឹង បណ្តាលឲ្យបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគ្រេត ម្នាក់ស្លាប់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនចាំម៉ាកមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទី ថ្ងៃកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ៣៧-៣៨ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ដែលស្លាប់ខាងលើនេះ មានឈ្មោះ ខៀវ បញារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកគ្រឹះស្ថាន រស់នៅភូមិសៀមរាប ឃុំសៀបរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3358 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបាន ទៅប៉ះបង្គោលចំណាំងផ្លាត នៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលម៉ូតូទៅលើដងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរពីត្បូងទៅជើង ចាប់ហ្វ្រាំងមិនទាន់ កិនជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍រកាកោង២ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់