ភ្នំពេញៈ កម្មករសំណង់ម្នាក់ភ្លាត់ស្នៀត ធ្លាក់ជុងដែកនៅជាន់ទី២ ខណៈកំពុងរៀបបន្ទារនៅខាងក្រោយការដ្ឋានសំណង់មួយកន្លែង កាលពីវេលាម៉ោង៤ និង៣០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
កម្មករសំណង់ខាងលើមានឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខដេអិនជិតសាលាបញ្ញាសាស្ត្រ មានស្រុកកំណើតនៅភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងឡើងរៀបបន្ទារ ដោយមានខ្សែក្រវ៉ាត់សុវត្ថិភាពជាប់នឹងខ្លួន។
មូលហេតុនៃការធ្លាក់មកជុងដែកផ្ទះអ្នកជិតខាងកម្ពស់ជាន់ទី២ គឺដោយសារតែខុសបច្ចេកទេស។
យោងតាមមេការសំណង់មានឈ្មោះហៅក្រៅថា ទូច អាយុ៣២ឆ្នាំ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងលើធ្វើការងារនៅក្នុងក្រុមហ៊ុនចំនួន៣ឆ្នាំមកហើយ ដោយមុនពេលកើតហេតុជនរងគ្រោះឡើងទៅរៀបចំបន្ទារនៅខាងក្រោយការដ្ឋានដោយមានខ្សែក្រវ៉ាត់សុវត្ថិភាពជាប់សម្រាប់ការពាររអិលបាក់ នឹងរឿងដែលកើតឡើងជាយថាហេតុ។ ខណៈនោះស្រាប់តែនៅម៉ោងកើតហេតុខាងលើ មានកម្មករសំណង់ដែលធ្វើការងារនៅជាន់ទី២បានប្រាប់ជនរងគ្រោះបានធ្លាក់ចុះមកជុងនិងដែកផ្ទះអ្នកជិតខាងនៅខាងក្រោយការដ្ឋានសំណង់ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងហៅរថយន្តសង្គ្រោះមកជួយជនរងគ្រោះដែលជាប់និងដែកនៅជាន់ទី២ ។
ភ្លាមៗនោះរថយន្តនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈ ហៅថាមន្ទីរពេទ្យលោកសង្ឃនិងសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមកម្មករបាននាំគ្នាកាត់ដែកលួស និងកាត់ដែកដែលជុងធ្លុះជាប់ជនរងគ្រោះខាងលើ ។ដើម្បីសែងយកដាក់រថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ដោយសភាពជនរងគ្រោះមានការឈឺចាប់អស់កម្លាំងស្ទើរតែទ្រាំពុំបាន ។
អ្នកឡោមព័ទ្ធមើលហេតុការណ៍ខាងលើ បានសន្និដ្ឋានថាកម្មករសំណង់ដែលជាជនរងគ្រោះខាងលើប្រហែលជាគ្មានសង្ឃឹមនឹងរស់នោះទេ ៕
មតិយោបល់