ព័ត៌មានបច្ចេកវិទ្យា

ប៉ោយ ឈុនលី៖ ពីវិចិត្រករគំនូរផាត់ពណ៌ ចង់បង្កើតឱ្យមានផលិតកម្មភាពយន្តគំនូរជីវចលដ៏ធំនៅកម្ពុជា

អត្ថបទដោយៈ ត្រាន់ តិចសេង, រូបថតផ្តល់ដោយៈ ប៉ោយ ឈុនលី

លោក ប៉ោយ ឈុនលី ដែលមហាជនទូទៅស្គាល់លោកជាប៉ាកគីអៅខ្មែរនោះ តាមពិតទៅ គាត់គឺជាអ្នកស្រុកបាត់ដំបងមួយរូប មានដើមកំណើតកើតជានៅភូមិជ្រៃថ្មី ស្រុកថ្មគោល និងជាអតីតវិចិត្រករគំនូរផាត់ពណ៌មួយរូប ដែលបានឆ្លងកាត់ការសិក្សាមុខជំនាញសិល្បៈគំនូររយៈពេល ៤ ឆ្នាំ នៅអង្គការ ហ្វារពន្លឺសិល្បៈ។

ក្រោយពីទទួលបានការបង្ហាញបច្ចេកទេសធ្វើរូបគំនូរលើក្រដាសឱ្យមានចលនារស់រវើកលើកដំបូងពីជាងថតរូបខ្មែរ-អាមេរិកម្នាក់ឈ្មោះ ឃាង ហេ លើកុំព្យូទ័ររួចមក ក្នុងនាមជាជាងគំនូរជនបទម្នាក់ លោក ឈុនលី បានកើតការងឿងឆ្ងល់ជាប់ក្នុងចិត្តយ៉ាងខ្លាំង ថាហេតុអ្វីបានជាគេអាចធ្វើឱ្យរូបគំនូរគូសលើក្រដាសធម្មតាឱ្យមានចលនារស់រវើកបាន។

ចាប់ពីពេលនោះមក លោកក៏ចាប់ផ្តើមតាំងចិត្តព្យាយាមរៀនបង្កើតគំនូរជីវចលដោយខ្លួនឯង រហូតទទួលបានឱកាសរៀនពីវិធីបង្កើតភាពយន្តគំនូរជីវចលក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយខែ នៅអង្គការ ពីគ្រូមកពីប្រទេសបារាំង។ បន្ទាប់មក លោកក៏បានផលិតចេញនូវកុនតុក្កតាបែបអប់រំខ្លីៗជាហូរហែសម្រាប់អង្គការ និងស្ថាប័នផ្សេងៗ រហូតត្រូវបានគេចាត់ទុកជាផលិករភាពយន្តគំនូរជីវចលដំបូងបង្អស់របស់កម្ពុជាក្នុងឆ្នាំ ២០០៧។

លោក ប៉ោយ ឈុនលី បានប្រាប់គេហទំព័រ PostNews Media តាមរយៈក្រុមការងារ Post Tech ថា ពេលចាប់ផ្តើមផលិតកុនតុក្កតា ៥-៦ ឆ្នាំដំបូង លោកនៅតែមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យរូបគំនូរលើក្រដាសមានចលនានោះទេ គឺដោយគ្រាន់តែដឹងថាធ្វើម៉េចត្រូវគូសរូបឱ្យប៉ុនៗគ្នាប៉ុណ្ណោះ រហូតដល់លោកទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែករូបភាពចលនា ៣ ឆ្នាំ នៅសាលា Ecole Pivaut ប្រទេសបារាំង។

លោក ឈុនលី និយាយថា៖ «ក្នុងរយៈពេលដែលខ្ញុំចេះធ្វើរូបភាពចលនាក្នុងស្រុកខ្មែរ ខ្ញុំនៅមិនទាន់យល់ពីដំណើរការរបស់វានៅឡើយទេ រហូតដល់ខ្ញុំបានរៀនបច្ចេកទេសគូសរូបចលនានៅសាលាបារាំង ទើបខ្ញុំដឹងច្បាស់ពីវា ហើយលែងមានចម្ងល់តទៅទៀត»។

អតីតសិស្ស បច្ចុប្បន្នគ្រូនៅអង្គការ ហ្វារ ដែលមានមុខមាត់ស្រដៀងកំពូលកីឡាប្រដាល់ពិភពលោករបស់ហ្វីលីពីនរូបនេះ ក៏ធ្លាប់ឈ្នះពានមហោស្រពភាពយន្ត Cambofest ក្នុងឆ្នាំ ២០០៧ និងបានផលិតកុនតុក្កតាឱ្យអង្គការ Oxfam អាជ្ញាធរអប្សារា និងអង្គការទឹកស្អាតជាដើម។ល។ ហើយក្នុងនោះភាពយន្តតុក្កតារយៈពេល ៣ នាទីមួយរបស់លោកដែលមានចំណងជើងថា Revive បានជាប់ក្នុងវគ្គជម្រើសនៅ Paris ឆ្នាំ ២០១៤ នៅ Long Beach ឆ្នាំ ២០១៥ និងនៅចតុមុខ ឆ្នាំ ២០១៥។

កុនតុក្កតា ៣នាទី ចាយពេលយប់ថ្ងៃ ៦ ខែ

តាមការឱ្យដឹងពីលោក ឈុនលី ការបង្កើតភាពយន្តគំនូរជីវចល មិនមែនជារឿងងាយស្រួល ឬលេងសើចនោះទេ វាទាមទារនូវការអត់ធ្មត់ ព្យាយាម និងការប្តេជ្ញាចិត្តខ្ពស់។ លោកនិយាយថា៖ «ក្នុងការផលិតកុនតុក្កតារឿង Rivive រយៈពេលត្រឹមតែ ៣ នាទី ខ្ញុំត្រូវចំណាយពេល ៦ ខែ ទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើវា។ លោកបន្ថែមថា រូបគំនូរចលនាមួយវិនាទី គឺត្រូវមានរូបផ្គុំចំនួន ២៥ ប៉ុស្តិ៍ ហើយក្នុងមួយថ្ងៃលោកអាចគូសបានត្រឹមតែ ១២ ប៉ុស្តិ៍ ប៉ុណ្ណោះ។

បច្ចេកវិទ្យាបំភ្លឺក្តីសុបិន

ដើមឡើយ លោកឈុនលី មិនទាន់ចេះសូម្បីតែការប្រើប្រាស់សារអេឡិចត្រូនិច ប៉ុន្តែ ក្រោយពីបានឃើញការបង្ហាញរូបគំនូរជីវចលតាមកម្មវិធី Flash លើកុំព្យូទ័ររួចមក លោកមានការភ្ញាក់ផ្អើល និងកើតការងឿងឆ្ងល់យ៉ាងខ្លាំង ហើយក៏តាំងចិត្តផលិតចេញនូវកុនតុក្កតាជាបន្តបន្ទាប់។ លោកលើកពីចម្ងល់របស់ខ្លួនប្រាប់ Post Tech ថា «ហេតុអ្វីបានជាគេធ្វើកើត រូបគំនូរមួយសន្លឹកៗសោះ ហេតុអីបានជាវាចេះរត់»។ លោកបន្ថែមថា «តាំងពីនោះមក ខ្ញុំក៏តាំងចិត្តធ្វើ វាឱ្យទៅមុខ…រហូតដល់លោកបានទៅរៀននៅស្រុកបារាំង ហើយបានប្តូរពីការគូសរូបនៅលើសន្លឹកក្រដាស មកគូសលើបន្ទះគូសរូបក្រាហ្វិកសម្រាប់ម៉ាស៊ីនកុំព្យូទ័រ»។

ចំពោះកម្មវិធីសម្រាប់ផលិតភាពយន្តគំនូរជីវចល លោក ប៉ោយ ឈុនលី បានប្រាប់ឱ្យដឹងថា លោកប្រើប្រាស់កម្មវិធី ៤ ដែលរួមមានៈ កម្មវិធី Photoshop ឬ Flash សម្រាប់គូសរូប background, កម្មវិធី Flash សម្រាប់ធ្វើរូបភាពឱ្យមានចលនា, កម្មវិធី After Effect សម្រាប់ភ្ជាប់រូបជីវចលចេញពី Flash ជាមួយរូប background ចេញពី Photoshop, កម្មវិធី Adobe Premier ដើម្បីភ្ជាប់វីដេអូពីមួយទៅមួយ និងដាក់សំឡេង ហើយកម្មវិធី Adobe Audition ដើម្បីកែសម្រួលសំឡេង។

គំនិតចេះតែចង់ទៅមុខជានិច្ច

ក្រៅពីមានអាជីពជាគ្រូបង្រៀនផ្នែកគំនូរជីវចលនៅអង្គការ ហ្វារ ម្ចាស់ពានរង្វាន់មហោស្រពភាពយន្ត Cambofest ឆ្នាំ ២០០៧ រូបនេះ បានបង្កើតស្ទីឌីយោផ្ទាល់ខ្លួនមួយឈ្មោះ “បាយម៉ាន” ក្នុងទឺកដីកំណើតរបស់ខ្លួន ហើយក៏គ្រោងផលិតភាពយន្ត 2D លំដាប់អន្តរជាតិមួយដែលមានរយៈពេល ១ ម៉ោងកន្លះ សម្រាប់បង្ហាញទៅដល់ពិភពលោកផងដែរ។ បន្ទាប់មក លោកនឹងដើរទៅរកភាពយន្ត 3D និង Unity (រូបក្រាហ្វិច 3D សម្រាប់ផលិតហ្គេម)។ លោកបន្តថា «ខ្ញុំចេះតែមានគំនិតចង់ទៅមុខជានិច្ច! ហើយបច្ចុប្បន្ន ខ្ញុំកំពុងរៀនអំពីការបង្កើតរូបភាព 3D និង Unity បណ្តើរៗ ហើយមុននឹងឈានដល់ការផលិតភាពយន្តប្រភេទនេះ ខ្ញុំនឹងធ្វើរឿង 2D មួយឱ្យបានសម្រេចដើម្បីបង្ហាញទៅដល់មនុស្សទាំងអស់គ្នាបានដឹង…»។

គ្មានលុយក៏អាចជោគជ័យ

បន្ទាប់ពីឈានជើងចូលក្នុងអង្គការ ហ្វារ អតីតក្មេងធ្លាប់គូសរូបព្រះតាមវត្ត និងធ្វើចម្លាក់លក់តាមភូមិរូបនេះ បានដាក់ចិត្តខំប្រឹងធ្វើយ៉ាងណាទៅរៀននៅប្រទេសបារាំងឱ្យបាន បើទោះជាគ្មានលុយក៏ដោយ។ នៅទីបំផុត លោកក៏បានសម្រេចដូចក្តីប្រាថ្នា បន្ទាប់ពីបានរងចាំអស់រយៈពេលដប់បួនឆ្នាំ។ លោកថា «អ្វីដែលធ្វើឱ្យខ្ញុំអាចដើរបានមកដល់សព្វថ្ងៃនេះ គឺដោយសារការអត់ធ្មត់ និងការតស៊ូ»។ លោកបន្ថែមថា «ឱ្យតែយើងមានភាពអត់ធ្មត់ ប្រឹងពុះពារទៅរករាល់គោលដៅដែលយើងបានដៅទុក ហើយខំធ្វើវា នោះយើងនឹងបានទៅដល់គោលដៅដែលយើងចង់បាន»។ លោកបន្ថែមទៀតថា អ្វីដែលលោកកំពុងខំធ្វើឱ្យបានជោគជ័យ គឺចង់ផ្លាស់ប្តូរ ការ គិតរបស់មនុស្សដែលថា «អត់លុយធ្វើអីអត់កើត» ព្រោះអ្វីៗដែលលោកបានធ្វើកន្លងមក គឺធ្វើឡើងដោយគ្មានលុយនោះទេ វាកើតចេញពីការអត់ធ្មត់ តស៊ូ និងមានឆន្ទៈច្បាស់លាស់

ក្តីសុបិនធំបំផុតក្នុងជីវិត

ឆ្លើយតបទៅនឹងសំណួរក្រុមការងារ Post Tech របស់គេហទំព័រ PostNews Media អំពីគោលបំណងអនាគត លោក ប៉ោយ ឈុនលី បានឱ្យដឹងថា គាត់មានក្តីសុបិនធំបំផុតក្នុងជីវិត គឺចង់ឱ្យវិស័យសិល្បៈភាពយន្តគំនូរជីវចលនៅក្នុងប្រទេសកម្ពុជា រីកចម្រើន។ ចង់ឱ្យកម្ពុជា មានអ្នកផលិតភាពយន្តច្រើន និងធំបំផុតនៅក្នុងខេត្តបាត់ដំបង មានសាលាភាពយន្ត ក្រុមផលិតកម្ម ស្ទីឌីយោ ស្ទីឌីយោធម្មជាតិនៅតាមតំបន់ភ្នំ ហើយមានមហោស្រពភាព យន្ត ប្រចាំឆ្នាំ ជាអចិន្រ្តៃយ៍។

លោកបានលើកឡើងប្រាប់អង្គភាព PostNews Media ថា «ខ្ញុំបានបោះបង់ឱកាសរស់នៅស្រុកបារាំង ហើយត្រឡប់មកស្រុកខ្មែរ ដើម្បីធ្វើឱ្យវិស័យសិល្បៈភាពយន្តនៅស្រុកខ្មែរ រីកចម្រើន។» លោកបន្ថែមថា «បច្ចុប្បន្ន ខ្ញុំកំពុងឋិតនៅក្នុងសកម្មភាពបង្កើតក្រុមភាពយន្ត បាយម៉ាន ហើយព្យាយាមធ្វើឱ្យវាបានសម្រេចទៅតាមគោលដៅក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ»៕

 

 

មតិយោបល់