ព័ត៌មានជាតិ

ប្តីរត់ចោលប្រពន្ធ ដោយសារថ្នាំញៀន៤កញ្ចប់ និងអាវុធ៥ដើម

កណ្តាល: ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពូក៣នាក់ត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ត្រូវបានដកហូត នាវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលំភូមិតាពេជ ឃុំឈ្វាំង ស្រុកពញឮ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យ៣នាក់ សមត្ថកិច្ចឃាត់បានខ្លួន២នាក់ ទី១-ឈ្មោះឈន សុខកាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្មោះសុង សុខភាព ភេទស្រី អាយុ៣០ឆ្នាំ មានទីលំភូមិកើតហេតុ។ ជនសង្ស័យដែលរត់រួចខ្លួនឈ្មោះ ឡូញ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្ននៅ ភូមិតាពេជ ឃុំឈ្វាំងស្រុកពញាឮ ខេត្តកណ្តាល ត្រូវជាប្តីរបស់ឈ្មោះសុង សុខភាព។ វត្ថុតាងដកហូតរួមមាន
ម្សៅក្រាមថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់ធំ និង៣កញ្ចប់តូច អាវុធឆ្នៃប្រើគ្រប់អាកា៤៧មួយដើម ដាវសាំម៉ូរ៉ៃ២ដើម ដំបង២កំណាត់ចំនួន០១ដើម ដែកឆាបឆ្នៃចំនួន០១ ជញ្ជីងថ្លឹងចំនួន០១ ឧបករណ៏ប្រើប្រាស់មួយចំនួន ថង់ចំនួន០៥ដុំ ម៉ូតូគុបមូល០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1R-0690។

សកម្មភាពបង្ក្រាបនេះ ធ្វើឡើងក្រោយកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកពញាឮ បានទទួលព័ត៌មានពីកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុខាងលើ។ បន្ទាប់មកកម្លាំងជំនាញ បានសហការជាមួយកម្លាំងជំនាញស្រុកអង្គស្នួល ចុះបង្ក្រាបឃាត់ខ្លួនបាន០២នាក់ និងដកហូតថ្នាំញៀនម៉ាទឹកកក ចំនួន០៤កញ្ចប់ មាន០១ធំ និង០៣កញ្ចប់តូច។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា ចំពោះថ្នាំញៀនទាំងនេះខ្លួនត្រូវបានឈ្មោះ ឡូញ សម្បត្តិ ប្រើឲ្យយកលក់ឲ្យគេ។ កម្លាំងបានឆែកឆេរផ្ទះឈ្មោះ ឡូញ សម្បត្តិ រកឃើញវត្ថុតាង និងឧបករណ៍ដូចខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់