ព័ត៌មានជាតិ

ឪពុកអគតិ នាំកូនប្រុសអាយុមិនទាន់១៨ឆ្នាំផង ទៅជួញដូរថ្នាំញៀន រហូតដល់សមត្ថកិច្ចចាប់បានទាំងគ្រួសារ

កណ្តាល: មេក្លោងឪពុក និងកូនបង្កើត ២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ត្រូវបានឃាត់ខ្លួនព្រមទាំងបានធ្វើការដកហូតនូវគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ដាវ១ដើម និងឧបករណ៍វេចខ្ចប់សម្រាប់ចែកចាយមួយចំនួន នាវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ទួត នី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាឪពុករបស់ជនសង្ស័យទី២-ឈ្មោះ នី សារ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ដាវដែក១ដើម និងឧបករណ៍វិចខ្ចប់ដើម្បីប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការណ៍បង្ក្រាបនេះប្រព្រឹត្តទៅ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងកន្លែងកើតហេតុ ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់ចំណុចកើតហេតុ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យទាំងពីរនាក់ បានរកឃើញឧបករណ៍វិចខ្ចប់ និងប្រើប្រាស់មួយចំនួន។ លុះដល់វេលាម៉ោង១និង៥៦នាទី ថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាអោយឆែកឆេរផ្ទះ ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទួត នី នៅចំណុចភូមិ រកាលើ ឃុំខ្ពប បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ដាវដែក១ដើម និងឧបការណ៍វិចខ្ចប់មួយចំនួនបន្ថែមទៀត រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ នី សារ៉េត បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ ជ័រ ចេង ហៅខ្លូ រស់នៅភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣០០,០០០៛ (សាមសិបម៉ឺនរៀល) អោយទៅទិញគ្រឿងញៀនចំនួន១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រួចយកគ្រឿងញៀននោះទៅអោយឈ្មោះ ជ័រ ចេង ហៅខ្លូ ។ បន្ទាប់មកឈ្មោះ ជ័រ ចេង ហៅខ្លូ បានអោយគ្រឿងញៀនទៅខ្លួន ចំនួន៣កញ្ចប់តូច ដើម្បីទុកលក់ខ្លួនឯង ។

សូមបញ្ជាក់ថា ឈ្មោះ ទួត នី ដែលត្រូវជាឪពុកបង្កើតរបស់ឈ្មោះ នី សារ៉េត ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់យ៉ាងសកម្ម ដែលទើបតែត្រូវបានចាប់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង បន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់