ព័ត៌មានជាតិ

Update៖ អាសូរណាស់! អ្នកគ្រូពេទ្យបង្អែកស្រុកស្អាងម្នាក់ ជិះម៉ូតូទៅជួបប្ដីនៅពេទ្យកាល់ម៉ែត្រ ត្រូវអាបុលកិនស្លាប់តាមផ្លូវ បន្សល់ទុកកូនប្រុសម្នាក់ឲ្យកំព្រា

ភ្នំពេញៈ នាវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលព្រះនរាយណ៍ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ខុន សុថារី ភេទស្រី អាយុ ៤០ឆ្នាំជាង មុខរបរ ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្ដាល ស្រុកកំណើតភូមិរការខ្ពស់ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្ដី និងកូនប្រុសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូទៅជួបប្ដីនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសលទៅមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍អាបុលកិនស្លាប់ បន្ទាប់ពីបង្កហេតុភ្លាមៗ រថយន្តបើកគេចខ្លួនប្រហែល ៥០០ម៉ែត្រទើបឃាត់បាន ហើយតៃកុងចុះរត់បាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្ត ចំពោះសាកសព​ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់