ខណៈដែលតារាចម្រៀងឈិត សុវណ្ណបញ្ញា ត្រូវគេដឹងថាបានសម្រេចសុំឈប់ពី ផលិតកម្មហង្សមាស ហើយត្រូវស្ថាប័នមួយនេះមិនឃាត់ទុក ប្រភពពីខាងហង្សមាស ក៏បានព្រលយថាតារាចម្រៀងលោកនៅ ស៊ីនឿន ក៏បានសុំឈប់ដូចគ្នានោះដែរ ដោយសារតែលោកអន់ចិត្តមិនខុសគ្នានឹងឈិត សុវណ្ណបញ្ញា។ យ៉ាងណាមិញឆ្លើយតបនឹងរឿងនេះ លោកនៅ ស៊ីនឿន បានឆ្លើយយ៉ាងខ្លី បើទោះជាចម្លើយរបស់លោកនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការតាមដាន។
ក្រោយការបង្ហោះសារប្រកាសថាសុំឈប់ពីផលិតកម្មហង្សមាស បានធ្វើអោយទ្រនំហង្សមាសត្រូវបានមហាជនមានការកត់សម្គាល់យ៉ាងខ្លំាង ដោយសារតែឈិត សុវណ្ណបញ្ញា ក៏ជាតារាចាស់វស្សាផ្នែកយុវវ័យមួយរូបដែលមានអ្នកគាំទ្រច្រើនផងដែរ។ គាប់ជួនជាមានតារាចម្រៀងមិនតិចគ្នា ត្រូវគេឃើញបណ្ដាក់គ្នាទម្លាយសារអន់ចិត្តជាមួយហង្សមាសផងនោះ ទើបបណ្ដាលអោយមានការលើកឡើងជាច្រើនថា ក្នុងចំណោមតារាដែលរឿងមិនសប្បាយចិត្តក៏មានលោកនៅ ស៊ីនឿន ម្នាក់ដែរដែលបានសម្រេចសុំឈប់ពីហង្សមាសដូចគ្នានឹងឈិត សុវណ្ណបញ្ញា។ ប្រភពនោះបានទាំងបន្តថា នឹងមានតារាចម្រៀងច្រើននាក់បន្តដាក់វេណគ្នាដើរចេញ បន្ទាប់ពីហង្សមាសត្រូវគេឃើញរង្គោះរង្គើផ្ទៃក្នុងរឿងបាត់បង់លោកសុខ ជំនោរ និងចុងក្រោយគឺការសុំឈប់របស់លោកអ៊ិន ទីតូនោះ។
លោកនៅ ស៊ីនឿន បានតបសារយ៉ាងខ្លីតាមឆាតហ្វេសប៊ុកថា លោកមិនបានដាក់ពាក្យសុំឈប់ពីហង្សមាសនោះទេ ដោយលោកបញ្ជាក់ថានោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ យ៉ាងណាមិញ នៅលើហ្វេសប៊ុកលោកបានបង្ហោះសារអស់សង្ឃឹមជាច្រើន បើទោះជាខ្លឹមសារក្នុងសារទាំងនោះ មិនត្រូវបានលោកស្រាយបំភ្លឺ។ អមដោយរូបភាពមិនសប្បាយចិត្ត លោកតែប្រើឃ្លាពាក់ព័ន្ធនឹងដំណើរថយក្រោយក្នុងអាជីពសិល្បៈរបស់ខ្លួន ជាពិសេសនៅពេលកម្មវិធីធំៗរបស់ទូរទស្សន៍ហង្សមាសចាប់ផ្ដើមលែងមានវត្តមានរបស់លោក ស្របគ្នានឹងបទចម្រៀងថ្មីៗល្អៗ ក៏លែងជារបស់លោកដូចមុន។
លោកបដិសេធមិនធ្វើការលើកឡើងជុំវិញអារម្មណ៍ចុងក្រោយជាមួយហង្សមាសនោះទេ ដោយលោកសុំនិយាយត្រឹមថាមិនបានដាក់ពាក្យដើរចេញដូចការលើកឡើង។ ប៉ុន្តែយោងតាមអ្នកស្និទ្ធិជាមួយលោក គឺលោកនឹងសម្រេចចិត្តសុំឈប់ពីហង្សមាសដូចគ្នានឹងឈិត សុវណ្ណបញ្ញា ប្រសិនបើហង្សមាសមិនមានដំណោះស្រាយលើការអន់ចិត្តរបស់លោកឆាប់ៗ៕
មតិយោបល់