ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យរបួសធ្ងន់បែកក្បាល

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកបណ្តាលឲ្យរងរបួសបែកក្បាល ខណៈដែលរូបគាត់កំពុងជិះម៉ូតូ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ មិនទាន់ស្គាល់ពីអត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ពុំចាំម៉ាក បើកលឿនដូចហោះ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាបានបោះពួយទៅបុកអ្នកជិះម៉ូតូចំពីក្រោយយ៉ាងពេញទំហឹង ផ្លោងឡើងលើរួចធ្លាក់បោកមកលើដងផ្លូវ បណ្តាលឲ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។

ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្កខាងលើ បានព្យាយាមបើករថយន្តរថយន្តគេចខ្លួនដោយសុវត្ថិភាព ដោយបន្សល់ទុកនូវកាងរថយន្ត និងស្លាកលេខរថយន្ត ភ្នំពេញ2Q-7829 នៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋរង់ចាំមើល ថាតើ សមត្ថកិច្ចអាចស្រាវជ្រាវរកម្ចាស់រថយន្តខាងលើមកដោះស្រាយគ្នាជាមួយជនរងគ្រោះតាមផ្លូវច្បាប់បានឬយ៉ាងណា?! ៕

មតិយោបល់