ព័ត៌មានជាតិ

ធ្លាប់ជាប់គុកពីបទលួច ឥឡូវជាប់គុកម្តងទៀត ដោយសារជួញដូរគ្រឿងញៀន

កណ្តាល: ជនសង្សយ័ម្នាក់ធ្លាប់ជាប់ពន្ធនាគារព្រៃស១ឆ្នាំពីបទលួច ពេលចេញមកវិញប្រកបមុខរបរជួញដូរគ្រឿងញៀន ត្រូវនគរបាលស្រុកខ្សាច់កណ្តាល ចាប់ឃាត់ខ្លួនតែម្តង។

ហេតុការណ៍ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់អោយដឹងថា ជនសង្ស័យឈ្មោះ ស៊ុយ សំរិទ្ធ ហៅរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនម៉ាទឹកកក១២កញ្ចប់ (ក្នុងនោះ តូច១១កញ្ចប់ ធំ១កញ្ចប់) កន្ត្រៃ១ ដែកកេះ០៣ដើម។

នគរបាលបានបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស១ឆ្នាំបទលួច។ នៅមុនកើតហេតុកម្លាំងជំនាញ ទទួលព័ត៌មានថា ជនសង្ស័យកំពុងចែកឆាយគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំពិល បានពួនស្ទាក់នៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ុយ សំរិទ្ធ និងដក
ហូតបានថ្នាំ១កញ្ចប់តូច បានធ្វើការឆែកឆេរផ្ទះ ជនសង្ស័យឈ្មោះ ស៊ុយ សំរិទ្ធ កម្លាំងបានធ្វើការឆែកឆេរ ចាប់យកបាន ថ្នាំញៀនម៉ាទឹកកក១១កញ្ចប់ថែមទៀត ក្នុងនោះ១០កញ្ចប់តូច និង១កញ្ចប់ធំ ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនឡើងទៅទិញថ្នាំ នៅម្តុំរោងចក្រឆ្នាំងផ្លូវរទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទិញម្តងតម្លៃចាប់ពី ៣០ទៅ៥០$ ។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់