ព័ត៌មានជាតិ

ត្រូវបីបួនកែង ប្តឹងទារសំណង ៣ម៉ឺនដុល្លារ

ភ្នំពេញ: បុរសជាកម្មកររោងចក្រឈឹងយៀក នៅម្តុំកាណាស៊ីតធីម្នាក់បានអះអាងថា ខ្លួនត្រូវបានជនសង្ស័យ អុកត្រូវចំនួនបីទៅបួនកែង បណ្តាលអោយខ្លួនខ្ទាតចេញ ក្រោយកើតហេតុបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ទារសំណងចំនួន៣ម៉ឺនដុល្លា និងពីបទប្រើហិង្សាដោយចេតនា។ ហេតុការណ៍ជនរងគ្រោះមកប្តឹងសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១៦នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ក្រឹម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការ លើខេត្តកំពង់ចាម។ ចំណែកជនសង្ស័យ ដែលរងការចោទនោះមានឈ្មោះ ម៉ៅ ឈីវសុង ភេទប្រុស អាយុជាង៣០ឆ្នាំ ធ្វើការជាអ្នកសម្របសម្រួល ពេលមានវិវាទនៅក្នុងរោចក្រខាងលើ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅម៉ោងជាង១០ ថ្ងៃត្រង់ថ្ងៃទី៤ខែឆ្នាំដដែល ពេលដែលខ្លួនចេញក្រៅហូបបាយថ្ងៃត្រង់ ជនរងគ្រោះបានឃើញបុរសជនជាតិចិនម្នាក់ ទាញទ្វារបិទ ខណៈនោះជនរងគ្រោះហាក់មានបារម្មណ៍ខ្លាចបុរសនោះចាក់សោបិទ ហើយមានរឿងអីនៅក្នុងរោងចក្រទៅ រត់មិនទាន់ក៏ស្រែកប្រាប់ថាកុំចាក់សោ ពេលនោះក៏លេចមុខជនសង្ស័យ ដែលនៅក្បែរនោះនិយាយថា អាឯងឃើញទ្វារបិទនៅអាអាចម៍ ? ជនរងគ្រោះបន្តថា ខណៈខ្លួនឮដូច្នេះ ក៏ដើរបកក្រោយសួរមេចជេខ្ញុំចឹង ពេលនោះជនបង្ករតបថាអញជេអាឯងមិនបានអី?
ខណៈនោះជនបង្ករក៏ដើរឱបដៃ ចូលសំដៅទៅជនរងគ្រោះ រួចអុកកែងទាំងឆ្វេងទាំស្តាំចំនួនបីទៅបួនកែង បណ្តាលអោយជនរងគ្រោះខ្ទាតចេញ ខណៈនោះជនរងគ្រោះ បានឱ្យមិត្តទាញទូរស័ព្ទមកថត គ្រាន់តែឃើញបក្សពួកជនរងគ្រោះថត ជនបង្ករក៏ផ្អាកធ្វើសកម្មភាពហើយបបួលជនរងគ្រោះ ចេញក្រៅរោងចក្រវាយគ្នាតែជនរងគ្រោះមិនចេញនោះទេ។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដោយគោលបំណងចង់ទារជំងឺចិត្តចំនួន៣ម៉ឺនដុល្លារ និងពីបទប្រើហឹង្សា ដោយចេតនា តែសមត្ថកិច្ចប៉ុស្តិ៍ចោមចៅថា ជនបង្ករជាប៉េអិម ហើយក៏ប្រាប់ទៅជនរងគ្រោះឱ្យទៅប្តឹងប៉េអិមទៅ ហើយជនរងគ្រោះ និងបក្សពួកពីរនាក់ទៀត ក៏ចាកចេញពីប៉ុស្តិ៍ចោមចៅបាត់ទៅ។ គេមិនដឹងថាជនរងគ្រោះខាងលើ បានទៅដាក់ពាក្យបណ្តឹងនៅខាងប៉េអិមឬអត់នោះទេ៕

មតិយោបល់