ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បានសហការជាមួយនគរបាលប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ និងថ្នាំញៀន១១កញ្ចប់តូចធំ កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចស្ថិតនៅចំណុចផ្ទះ៦៤០ ផ្លូវលំ ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយកផ្នែកគ្រឿងញៀនខណ្ឌឬស្សីកែវ បានប្រាប់អោយដឹងថា ជនសង្ស័យប្រុសស្រី៨នាក់នេះ ទី១-ឈ្មោះ វ៉ន ពេញ ហៅពេញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ វ៉ន សុផាន់ណារ៉ា ហៅជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ, ទី៣-ឈ្មោះ វ៉ន ទិត្យ ហៅទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ, ទី៤-ឈ្មោះ វ៉ន ផានី ហៅឃ្នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នអ្នកទាំង ៤នាក់ មានទីលំនៅផ្ទះលេខ៦៤០ ផ្លូវបេតុង ក្រុម៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ, ទី៥-ឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ មានទីលំនៅផ្ទះលេខ៣២៣ ក្រុម១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ, ទី៦-ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៣៦ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦, ទី៧-ឈ្មោះ ឯក រ៉ូ ហៅរ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ និងទី៨-ឈ្មោះ សៅ រស្មី ហៅស្រីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្រុម១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺដោយមានបញ្ជាផ្ទាល់ពីលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានបញ្ជាអោយកម្លាំងសមត្ថកិច្ចយើងចុះធ្វើការបង្ក្រាបទីតាំងមួយកន្លែង ដែលសង្ស័យថាជាទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន។ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងឆ្មក់ចូលបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៨នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់តូច, ជញ្ជីងថ្លឹងចំនួន១, ដាវសាំម៉ូរ៉ៃចំនួន២ដើម, ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូ៣គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានបិទបញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង៦និង១០នាទី ល្ងាចថ្ងៃដដែរ ដោយសមត្ថកិច្ចយើងបានសម្រេចថាបិទផ្ទះខាងលើនេះជាបណ្តោះអាសន្ន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់