ភ្នំពេញៈ ជនសង្ស័យចំនួន ៣នាក់ ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់ការចុះបង្ក្រាបចាប់ឃាត់ខ្លួន។
ប្រតិបត្តិការណ៍ចុះបង្ក្រាបនេះកាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ រួមមាន ទី១ឈ្មោះ ង្វៀង វាំងសាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ,ទី២ឈ្មោះ យ៉ូក កុងភឿង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករ (ប្រើប្រាស់គ្រឿងញៀន) បច្ចុប្បន្នអ្នកទាំង ២នាក់ស្នាក់នៅក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក និងទី៣ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដោយសម្ងាត់អស់មួយរយៈពេល រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ក៏បើកប្រតិបត្តិការចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន ២កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ តែងមានអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន មិនថាក្មេងចាស់ប្រុសស្រីទេ នាំគ្នាទៅពពាក់ពពូនគ្នាប្រព្រឹត្តបទល្មើសគ្រឿងញៀននៅតាមបន្ទប់ជួល និងផ្ទះសំណាក់ឥតឈប់ឈរ ទោះបីជាកម្លាំងសមត្ថកិច្ចខំបង្ក្រាបចាប់អ្នកប្រើប្រាស់ និងចែកចាយនាំមកផ្តន្ទាទោសយ៉ាងណាក្តី ក៏មិនចេះអស់ដែរ ដែលជាមូលហេតុនាំឲ្យកើតមានចោរកម្ម លួច ឆក់ ប្លន់ និងបទឧក្រិដ្ឋផេ្សងៗ បង្កអសន្តិសុខនៅក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់