ព័ត៌មានជាតិ

​ជិះម៉ូតូដេញកាប់គេហើយ នៅយកម៉ូតូគេទៅលាក់ទៀត ចុងក្រោយជាប់ខ្នោះ!

កំពង់ស្ពឺៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវិទ្យាល័យចាន់ថ្នាល ស្ថតិក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១មានឈ្មោះ ប៊ុត ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ សំ ឈុន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិត្រពាំងអូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស្វាយ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ 1N-7002 និងជនសង្ស័យ២នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។

ចំណែកជនរងគ្រោះ ទី១ឈ្មោះ ចេង គីមសេង ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ចេង គីមសុង ភេទប្រុស អាយុ១៤ឆ្នាំ ទាំងពីរនាក់ស្នាក់នៅភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានយកដាវមកកាប់លើម៉ូតូជនរងគ្រោះផ្នែកក្បាល ក្បាំងខាងស្តាំ តួខាងស្តាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រីឯម៉ូតូជនសង្ស័យបានយកទៅលាក់នៅខាងក្រោយផ្ទះ ឈ្មោះហង្ស ម៉ៅ ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងអូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់