ភ្នំពេញៈ ស្រ្តីម្នាក់បានទទួលរងទារុណកម្មវាយធ្វើបាប និងប៉ុនប៉ងចាក់សម្លាប់ដោយកូនកាំបិត ព្រមទាំងការ គំរាមតាមសម្លាប់ចោលពីសំណាក់ បុរសអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៏របស់ក្រុមហ៊ុន K-Cement ម្នាក់។
តាមការអះអាងរបស់ជងរងគ្រោះខាងលើ បានឲ្យដឹងថា នាង និងជនសង្ស័យខាងលើ មិនដែលមាន ទំនាស់និងគ្នាទាល់តែសោះ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ខណៈដែលជននោះ មិនដឹងជាផឹកស្រាស្រវឹងពី កន្លែងណាមួយនោះទេ បានទាញអំបោសបោសដី មកវាយនាងទាំងកំរោល ព្រមទាំយកកូនកាំបិតបម្រុង ចាក់សម្លាប់នាងថែមទៀត ហើយបើកុំតែបានអ្នកជិតខាងជួយទាន់ ប្រហែលនាងត្រូវស្លាប់បាត់ទៅហើយ ក្រោយមកជនខាងលើ ក៏បានបើករថយន្តម៉ាកវីហ្គោ ស៊េរីឆ្នាំ២០១៦ មួយគ្រឿងគេចខ្លួនទៅបាត់ស្រមោលតែម្ដង។
ហេតុការណ៏នោះ បានកើតឡើងកាលពីវេលា ម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដែលជាជនរងគ្រោះនោះឈ្មោះ អ៊ឹម ស្រីម៉ៅ អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងស្រងែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានប្តីឈ្មោះ ចិន ស៊ីម អាយុ៣៨ឆ្នាំ មុខរបរជាមន្រ្តីយោធា សព្វថ្ងៃស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ដោយឡែកជនសង្ស័យ ដែលជាជនបង្កឈ្មោះ ឆេង លី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ក្រុមហ៊ុនK-cementស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា។
ស្រ្តីរងគ្រោះ បានអះអាងថា រវាងនាងនិងជនដៃដល់ខាងលើ ជាមនុស្សស្គាល់គ្នា ដោយនាងបានហៅគាត់ ឲ្យមកនៅក្បែរបានជាគ្នា ហើយកន្លងមកមិនដែលមានទំនាស់គ្នាទាល់តែសោះ ប៉ុន្តែមិនដឹងថាជន នោះខឹងនិង មានគំនុំអ្វីជាមួយនាង លាក់ទុកក្នុងចិត្តតាំងពីពេល ណាមកនោះទេ ទើបធ្វើបាបនាងបែបនេះ។
នៅមុនពេលកើតហេតុ នាងបានបោសសំអាតផ្ទះ ដោយមិនដឹងខ្លួនស្រាប់តែជននោះ ស្រែកឡូឡារ បន្ទាប់ មកបានទាញយកអំបោស វាយរូបនាងទាំងកំរោលមិនដឹងមូលហេតុ ខណៈដែលនាងមិនដឹងថា ជននោះខឹងនាង រឿងអ្វីសោះ បន្ទាប់មកជននោះ បានទាញយកកូនកាំបិត ប៉ងចាក់សម្លាប់នាងទៀត ប៉ុន្តែបានអ្នក ជិតខាងជួយទាន់ កុំអីនាងស្លាប់បាត់ទៅហើយ មិនតែប៉ុណ្ណោះជននោះ ថែមទាំងនាំបក្សពួកតាមសម្លាប់នាងទៀត។
ក្រោយពីមានការភ្ញាក់ផ្អើល ជនបង្កបានបើករថយន្តម៉ាក វីហ្គោ ស៊េរីឆ្នាំ២០១៦ គេចខ្លួនបាត់ព្រម ទាំងបានគំរាមតាមទូរស័ព្ទថា ទោះនាងទៅដល់ទីណា ក៏តាមធ្វើនាងស៊ី (សម្លាប់នាងចោល)ដែរ និងគំរាមថា និងដាក់ពាក្យប្ដឹងនាងទៀតផង ពិតជាខ្លាំងគួរឲ្យខ្លាចមែនទែន សម្រាប់អ្នកទន់ខ្សោយដូចជារូបនាង។
នគរបាលបាននិយាយថា ក្រោយពេលទទួលរងទារុណកម្ម និងប៉ុនប៉ងចាក់សម្លាប់ពីសំណាក់ជនដៃដល់ ខាងលើនោះរួចមក នាងរងគ្រោះបានទូរស័ព្ទសុំអន្តរាគមន៏ពីសំណាក់កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ហើយខណៈនោះកម្លាំងបានចុះភ្លាមៗ បន្ទាប់ពីជននោះបានរត់គេចខ្លួនបាត់ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ក៏ជននោះ មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕
ជនបង្កឈ្មោះ ឆេង លី
https://youtu.be/Um6RS_xzmIY
មតិយោបល់