ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនក្រុមចោរកាប់ប្លន់ ខ្សែក និងទូសព្ទពីបុរសម្នាក់ បានចំនួន២នាក់

ភ្នំពេញៈ ក្រុមចោរកាំបិតបុ័ងតោ២នាក់ ដែលបានធ្វើសកម្មភាពកាប់ ទៅលើបុរសម្នាក់ និងស្រ្តីម្នាក់២នាក់ប្ដី ប្រពន្ធប្លន់យកខ្សែមាស១តម្លឹង និងទូរសព្ទដៃ១គ្រឿង ខណៈពេលដែលជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ កំពុងអង្គុយលេងនៅចំណុចដីវាល ពេលយប់ ក៏ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅនិងព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួនបានហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ និងជនសង្ស័យទី២ឈ្មោះ អន វណ្ណៈ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជាមួយគ្នា មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល។

ចំណែកជនរងគ្រោះទាំង២នាក់ បុរសជាប្ដីមានឈ្មោះ ទុំ ឆាលី អាយុ៣១ឆ្នាំ ស្នាក់ នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯស្រ្តីជាប្រពន្ធមិនត្រូវបាន គេស្គាល់ឈ្មោះនោះឡើយ។ អ្នកទាំង២នាក់ ត្រូវបានចោរធ្វើសកម្មភាព កាប់ប្លន់យកខ្សែកមាសទម្ងន់១តម្លឹង និងទូរសព្ទដៃម៉ាកសាំស៊ុង galaxy S6 មួយគ្រឿងផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធកំពុង អង្គុយលេងនៅចំណុចដីវាលមួយកន្លែង ស្រាប់តែលេចមុខជនសង្ស័យខាងលើ ប្រដាប់ដោយកាំបិតបុ័ងតោ នៅក្នុងដៃចូលទៅធ្វើសកម្មភាព ដេញកាប់ដណ្ដើមយកបានខ្សែក និងទូរសព្ទដៃ បន្ទាប់មកបានរត់គេចខ្លួន ចូលទៅក្នុងផ្ទះរបស់ពួកគេនៅក្បែរនោះបាត់។ ចំណែកឯជនរងគ្រោះ បានរត់ដេញ តាមស្គាល់ផ្ទះបានប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែខណៈនោះម្ដាយជនជនសង្ស័យនោះ បានរារាំងមិនឲ្យ កម្លាំងនគរបាលចូលទៅឡើយ លុះដល់វេលាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ទើបកម្លាំងនគរបាល ចុះទៅទៅឡោមព័ទ្ធ ធ្វើការចាប់ខ្លួនបាន២នាក់ភ្លាមៗ ព្រមទាំងដកហូតបានអន្ទាក់ សម្រាប់ទាក់ឆ្កែ១ ដំបងដែក១ ថ្នាំញៀន១កញ្ចប់មធ្យម និងឧបករណ៍សម្រាប់កាច់សោកម៉ូតូ១កំផ្លេទៀត៕

https://youtu.be/fQUSz6ti-ag

មតិយោបល់