ព្រះសីហនុៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកសាន់យ៉ាន់ ពណ៌ខៀវ គ្មានស្លាកលេខ (សណ្តោងរ៉ឺម៉ក) បើកបរក្នុងទិសដៅពីវាលរេញទៅកំពត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេង ស្របពេលមានម៉ូតូមួយគ្រឿងម៉ាក ហ្វីតទ័រ ពណ៌ត្របែកព្រៃ គ្មានស្លាកលេខ ជិះគ្នា២នាក់ ជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
ជនរងគ្រោះមានឈ្មោះ ទី១ឈ្មោះ ផេង វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស សិស្សវិទ្យាល័យវាលរេញ ជាកូនប្រុសលោកមេបញ្ជាការយោធាផ្នែកសឹករងស្រុកព្រៃនប់ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ជាអ្នកបើកបរម៉ូតូហ្វីតទ័រ) ស្លាប់ក្រោយពីបញ្ជូនទៅសង្រ្គោះនៅគ្លីនិកឯកជនវាលរេញ។ ទី២ឈ្មោះ ឆន កន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ជាអ្នករួមដំណើរពីក្រោយ មានទីលំនៅដូចគ្នារងរបួសធ្ងន់។
ទី៣ឈ្មោះ ភឿន មុំ ភេទស្រី ជាអ្នកជិះលើរ៉ឺម៉ក រងរបួសស្រាល និងទី៤ឈ្មោះ ឡាយ គុយ ភេទស្រី អាយុ៣ខែ ត្រូវជាកូន(ភឿន មុំ) រងរបួសស្រាល អ្នកទាំង២នាក់ មានទីលំនៅចំណុចកើតហេតុ។
ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូរ៉ឺម៉កបានរត់គេចខ្លួន ហើយបច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅនគរបាលស្រុក រង់ចាំដោះស្រាយជាបន្តទៀត៕
មតិយោបល់