ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដកហូតបានថ្នាំញៀនជាង១០កញ្ចប់

តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធ័នឹងករណី ចែកចាយ និងជួញដូរនូវសារធាតុញៀនខុសច្បាប់។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិពេជឥន្រ្ទា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ជា ឃីម ហៅធីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិពេជឥន្រ្ទា ឃុំបេងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ហើយបានដកហូតវត្ថុតាងមួយចំនួនមានដូចជា ម៉ូតូមួយគ្រឿងម៉ាកC70ពណ៌ទឹកប៊ិច មានស្លាកលេខ 1BT-3562 និងម្សៅពណ៌សចំនួន ១៣កញ្ចប់តូច ម៉ាទឹកកក ម្សៅពណ៌ស ចំនួន១កញ្ចប់ល្មមផងដែរ។

មុននឹងឈានដល់ការបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចដឹកនាំដោយ លោក អធិការរង គីម សាញ់ ទទួលសន្តិសុខ បានដឹកនាំកម្លាំងស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំបឹងត្រាញ់ខាងជើង លោកក្រុមប្រឹក្សាឃុំ និងកម្លាំងប្រជាការពារភូមិ ចុះល្បាតក្នុងភូមិសាស្ត្រ ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើនេះ តែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់