ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ខាងលិចផ្លូវចូលរោងចក្រ Ford ចម្ងាយ ១២០ម៉ែត្រ ភូមិសារវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធ៍សាត់ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M.8440 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូខាងលើ បានធ្វើដំណើរចេញពីរោងចក្រ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត បានបុកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1M-8440 យ៉ាងពេញទំហឹង បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ ។ ប្រភពបានបន្តថា ក្រោយបង្កហេតុ រថយន្តបានបើករត់គេចខ្លួនបាត់ ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឱ្យខូចខាតម៉ូតូ ០១គ្រឿង ស្លាប់មនុស្ស ០១នាក់ ឈ្មោះ យន់ យេន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ និងរងរបួសធ្ងន់០១នាក់ឈ្មោះ ណយ ចាន់ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ អ្នកទាំងពីរមានទីលំនៅក្នុងភូមិពុទ្ធ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោកអធិការបានបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ចំពោះស្រ្តីរងគ្រោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯសពបានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា ជាបណ្តោះអាសន្ន ៕
មតិយោបល់