ព័ត៌មានជាតិ

រថយន្តដឹកដី បើកបុកម៉ូតូបណ្តាលអោយយុវជនម្នាក់ បាក់ជើងឆ្វេង

កណ្តាល: យុវជនម្នាក់រងរបួសបាក់ជើងឆ្វេង ដោយសាររថយន្តដឹកដីបើកបុកចំពីមុខ យ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង១៨នាទី រសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែតលេខ២៥-២៦ ចំណុចភូមិព្រៃទទឺង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ណានាង ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួន។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូរងគ្រោះម៉ាក់សង់C១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1R-5601 បើកបរដោយឈ្មោះ ប៊ុន ណានាង បើកបរក្នុងទិសដៅពីភ្នំពេញទៅតាកែវ (ពីជើង ទៅត្បូង) លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ករ ពាក់ស្លាកលេខភ្នំពេញ3A-2251 ដែលបើកបរច្រាសទិសគ្នា ពីត្បូង មកជើង ក៏ជ្រុលចង្កូតទៅបុកចំម៉ូតូពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ជើងឆ្វេង។ រីឯម្ចាស់រថយន្ត បន្ទាប់ពីបង្ករគ្រោះថ្នាក់ចរាចរណ៍ហើយ បានបើកទ្វារត់ចុះគេចខ្លួនបាត់ស្រមោលទៅ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យលោកសង្ឃដើម្បីសម្រាកព្យាបាល រីឯចំពោះវត្ថុតាងបានយកមករក្សាទុកនៅ អធិការដ្ឋានជាបណ្តោះអាសន្ន៕

មតិយោបល់