ព័ត៌មានជាតិ

Update: អ្នកបញ្ជល់មាន់៤នាក់ ត្រូវបានដោះលែង តែត្រូវបង្ហាញខ្លួន ចំពោះមុខសវនាការ ក្នុងរយៈពេល១៥ថ្ងៃ

កណ្តាល: នៅរសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ នគរបាលស្រុកអង្គស្នួល បានបញ្ជូនអ្នកបញ្ជល់មាន់០៤នាក់ មកតុលាការដើម្បីឲ្យស្ថាបន័តុលាការចាត់ការតាមនីតិវិធីច្បាប់ ។

នៅរសៀលថ្ងៃដដែល ជនសង្ស័យទាំង៤នាក់ ត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សម្រេចធ្វើការដោះលែង តែតម្រូវឲ្យមកបង្ហាញខ្លួន ចំពោះមុខសវនាការក្នុងរយះ១៥ថ្ងៃ។

បើតាមលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Post News តាមប្រព័ន្ធ Whatapp ថាលោកបានបញ្ជារ ឲ្យព្រះរាជអាជ្ញារង ហេង ផេង សម្រេចដោះលែងអ្នកបញ្ជល់មាន់ទាំង៤នាក់ ឲ្យមានសេរីភាពវិញ ដោយបញ្ជូនទៅជម្រះផ្ទាល់​តាមមាត្រា៤៦​ ក្រមនីតិវិធីព្រហ្មទណ្ឌ​ ជនជាប់ចោទត្រូវបង្ហាញខ្លួនចំពោះមុខសវនាការក្នុងរយ:ពេល​១៥​ ថ្ងៃ​។ ច្បាប់ល្បែងស៊ីសង​មាត្រា​៤​ ផ្ដន្ទាទោស​ ៦​ថ្ងៃ​-០១​ខែ​ មិនអាចឃុំខ្លួនបណ្ដោះអាសន្នបានទេ តាមមាត្រា​២​០៤​ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​។ សរុបទៅមិនអប់រំទេ​ តែយកមកកាត់ទោសថ្ងៃក្រោយ​ ។

លោក ហេង ផេង ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ដែលលោកកាន់សំណុំរឿងនោះបានប្រាប់ឲ្យដឹងថា អ្នកបញ្ជល់មាន់ទាំង០៤នាក់នោះ គឺជាអ្នកឈរមើល មិនមែនជាអ្នកអាជីពបញ្ជល់មាន់ទេ។ លោកបន្តថា ចំពោះការអប់រំ ដោះលែង និងឃុំខ្លួនបណ្តោះអាសន្នគឺស្ថិតនៅលើលោក លឹម សុគន្ថា ព្រះរាជអាជ្ញា។

សូមរំឭកថា នគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ចុះបង្ក្រាបបានភ្លាមៗ ខណ:ក្រុមបញ្ជល់មាន់កំពុងជល់មាន់។

ការចុះបង្ក្រាបនេះ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ឃូ លីហួរ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងថា ជនល្មើស៤នាក់ ដែលឃាត់ខ្លួន១.ឈ្មោះ ឃូ លីហួរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ នៅភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទី២.ឈ្មោះ សុខ ហុយ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទី៣.ឈ្មោះ សែម ស៊ុនណារិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរបើកបរ នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ទី៤.ឈ្មោះ ក្រាញ់ ឡង់ឌី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សនៅ ភូមិបូរីកម្មករឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក បាន រួមមាន មាន់៤ក្បាល (ងាប់១), ទូរសព្ទដៃ៥គ្រឿង ក្នុងនោះមានម៉ាកសាំស៊ុង២គ្រឿង ម៉ាកអិលជី១គ្រឿង ម៉ាកអាយហ្វូនហ្វាយ១គ្រឿងនិងម៉ាកណូគាចុចពិល១គ្រឿង ,ជញ្ជីងថ្លឹងចំនួន១,ស្កុតរុំខ្នាយប្រើរួច៣ដុំ,ម៉ូតូ៥គ្រឿង,គុបជ្រុង២គ្រឿង,សេ១២៥ ចំនួន២គ្រឿង ,វ៉េវ១គ្រឿង។

លោកអធិការបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍បែកចាន បានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងបញ្ជល់មាន់ ហើយក៏ចុះទៅបង្ក្រាបឃាត់ខ្លួននិងវត្ថុតាងខាងលើ។

តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះ ឃូ លីហួ ជាម្ចាស់ផ្ទះ ឆ្លើយថាខ្លួនជាអ្នកទូរសព្ទហៅមិត្តភក្តិ មកលេងបញ្ជល់មាន់ ពេលជល់បាន១គូរដាក់លុយ២៤ម៉ឺនរៀល សមត្ថកិច្ចទៅដល់ហើយឃាត់ខ្លួនតែម្តង៕

មតិយោបល់