ព័ត៌មានជាតិ

មនុស្ស​ចំនួន ៦ម៉ឺន​នាក់​កំពុងជួបបញ្ហារ​ ដោយសារ​ការធ្លាក់​កម្ទេច​ផេះ និង​ភ្លៀង​ធ្លា​ក់មាន​ជាតិ​អាស៊ីត នៅ​កោះតុង​ហ្គា

​តុងហ្គា៖ អង្គការសហប្រជាជាតិ​និយាយ​ថា​ មនុស្ស​ចំនួន ៦ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ខូចខាត​ដំណាំ សត្វ​ចិញ្ចឹម និង​ការនេសាទដោយសារ​ការធ្លាក់​កម្ទេច​ផេះ ការហូរចូល​ទឹកប្រៃ​ចេញពី​សមុទ្រ និង​ភ្លៀង​ធ្លា​ក់មាន​ជាតិ​អាស៊ីត។

នាវា ​និង​យន្តហោះ​ដឹក​ជំនួយ​ជាច្រើន​គ្រឿងគ្រោង​នឹង​ទៅដល់​ ក្នុងប្រទេស​កោះតុង​ហ្គាក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ ខណៈ​សហគមន៍​អន្តរជាតិបាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវសុំ​ជំនួយ​បន្ទាន់ ពី​ប្រទេស​កោះ​ស្ថិតក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ក្រោយ​ការផ្ទុះ​ភ្នំភ្លើង​នឹង​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ដ៏​មហន្តរាយ​។ នាវា​ដឹក​ជំនួយ​មួយគ្រឿងរបស់​កង​អង្គភាព​ម៉ា​រី​ន HMNZS Aotearoa របស់​ប្រទេស​នូវែលហ្សេឡង់ដែល​កំពុង​ដឹកជញ្ជូន​ទឹកស្អាត​ចំនួន ២៥០,០០០​លីត្រ និងអាច​ផលិត​ទឹកបាន ៧០,០០០​លីត្រ​ក្នុង​មួយថ្ងៃ​ដោយ​ប្រើ​ម៉ាស៊ីន​ផលិត​របស់ខ្លួន ត្រូវគេ​រំពឹងថា​នឹង​ទៅដល់​ប្រទេស​តុង​ហ្គានៅ​ថ្ងៃ​សុក្រ​នេះ​។

​ជើងហោះហើរ​ដំបូងមកពី​ប្រទេស​អូស្ត្រាលី និងនូវែលហ្សេឡង់បាន​ចុះចត​ក្នុងប្រទេស​តុង​ហ្គា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ផ្ទុកសម្ភារៈផ្គត់ផ្គង់ចាំបាច់​ជាច្រើនដូចជា​ទឹកស្អាត សម្ភារៈ​សម្រាប់​អនាម័យ​ប្រចាំថ្ងៃ ព្រមទាំង​ជម្រក​បណ្ដោះអាសន្ន ឧបករណ៍​ទំនាក់ទំនង និងម៉ាស៊ីនភ្លើង​ជាដើម។ ​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមមន្ត្រី​ការពារជាតិ​មួយរូបដែល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ ជើង​ហោះ​ហើរ​ដឹក​ជំនួយមួយគ្រឿងរបស់​អូស្ត្រាលីត្រូវបាន​បង្ខំ​ឲ្យ​វិល​ត្រឡប់ក្រោយ​វិញ ដោយសារ​មាន​ករណី​វិជ្ជមានវីរុស COVID-19 នៅលើ​យន្តហោះ​៕

 

មតិយោបល់