អ៊ីស្លាម៉ាបាដ:មនុស្ស ២៣នាក់បានស្លាប់ និង៥២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ជំងឺនៅឡើយ បន្ទាប់ពីពួកគេទទួលទាននុំខេក ដែលមានប្រភពមកពីហាងមួយកន្លែង ហើយប៉ូលិសបានសង្ស័យថា អាចមានលាយថ្នាំពុល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០១៦។
ប៉ូលិសប៉ាគីស្ថាននៅតំបន់កើតហេតុ ក្នុងស្រុក Karor Lal Esan នៃខេត្ត Punjab បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង ចាប់តាំងពីសប្តាហ៍មុននេះមកម្ល៉េះ ហើយក្នុងនោះ ការពុលនៅថ្ងៃដំបូងបានសម្លាប់មនុស្ស ១០នាក់ទៅហើយ ដែលសុទ្ធសឹងតែជា សមាជិកក្នុងក្រុមគ្រួសារមួយ មានទាំងមនុស្សវ័យក្មេង និង វ័យចំណាស់។
គួរបញ្ជាក់ថា ប៉ូលិសបានចាត់វិធានការតំណាក់កាលដំបូង ដោយចាប់ខ្លួនកម្មករ និងម្ចាស់ហាងលក់នុំ និងបង្អែមមកសួរនាំ នៅទីបញ្ជាការប៉ូលិសស្រុក។ ប៉ូលិសបានសង្ស័យថា កម្មករនៅហាងនុំខាងលើនេះ ទំនងជាការធ្វេសប្រហែសហើយ ដាក់លាយសារធាតុគីមីពុល ដែលអាចជាថ្នាំសម្លាប់សត្វល្អីត ជាមួយនឹងគ្រឿងផ្សំក្នុងនុំ ដោយមិនបានពិនិត្យជាក់លាក់៕
មតិយោបល់