ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់បុរសម្នាក់ធ្លាយភ្លៅ

ភ្នំពេញៈ នគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការបញ្ជាផ្តល់របស់លោក យឹមសារ៉ាន់ អធិការខណ្ឌបានស្រាវជ្រាវរកមុខខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារបុរសម្នាក់ ពេលកំពុងនៅមុខផ្ទះ បណ្តាលឲ្យធ្លាយភ្លៅ កាលពីវេលាម៉ោង៧នឹង១០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខដេប៉ូឈើ ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតមកដល់វេលារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើឃាត់ខ្លួននៅចំណុចនៅផ្ទះជនបង្កក្នុងសង្កាត់សំរោងក្រោម។

ជនរងគ្រោះមានឈ្មោះ សុខ ចិន អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មករឈើ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនបង្កឈ្មោះ ឆាង វណ្ណា អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងគ្នីគ្នា២នាក់ទៀតបាននាំគ្នាអង្គុយលេងនៅលើផ្លូវរទេះភ្លើងកន្លែងកើតហេតុ ខណៈកំពុងជជែកគ្នាលេង ស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកស្តុបពី ពណ៌ស មិនចាំស្លាកលេខ ជិះទិសដៅពីទៅកើត ទំនងជាមានស្ថានភាពស្រវឹងស្រាផងនោះ ដោយបានជិះកិនឈើដែលនៅមុខដេប៉ូ ហើយក៏បានស្រែកជេរគេឯង ឮដូច្នេះជនរងគ្រោះក៏បានរើសដុំថ្មស្ទុះទៅតែម្នាក់ គប់សំដៅទៅបុរស២នាក់ខាងលើ ។

ប្រភពបន្តថា ដោយទំនងជាខឹងនិងជនរងគ្រោះពួកគេម្នាក់ក្នុងចំណោម២នាក់ បានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់មកលើជនរងគ្រោះ៣គ្រាប់ បណ្តាលឲ្យរងរបួសចំជើងខាងឆ្វេងចំនួន១គ្រាប់ រួចជិះគេចខ្លួនបាត់តែម្តង ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា លុះរហូតមកដល់រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការបញ្ជាពីលោកនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ទើបលោកបានបើកការស្រាវជ្រាវរហូតទៅដល់ធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីបន្តទៀត៕

photo_2016-06-07_17-56-50photo_2016-06-07_17-56-53photo_2016-06-07_17-56-55photo_2016-06-07_17-56-57photo_2016-06-07_17-56-59photo_2016-06-07_17-57-01photo_2016-06-07_17-57-03

មតិយោបល់