ព័ត៌មានជាតិ

តាកូម៉ា បុកទម្លុះចូលផ្ទះផាត់មុខកែសម្ផស្សពេញទំហឹង បណ្តាលឲ្យខូចខាត

ភ្នំពេញ: របងផ្ទះ របស់ប្រជាពលរដ្ឋ ត្រូវបានបាក់ខូចខាតយ៉ាងដំណំទាំងយប់ ដោយសាររថយន្ត តាកូម៉ា មួយគ្រឿង បើកបរដោយស្ថានភាពស្រវឹង រេចង្កូតទៅបុករះទាំងកម្រោល។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១២ និង ១០នាទី យប់ឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងរួមដំណើរជាមួយបុរស២នាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AT-2474 តាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយត្រូវបានប្រជាពលរដ្ឋអះអាងថា អ្នកបើករថយន្តនេះ ស្រវឹងស្រាធ្លាក់ភ្នែក ទើបមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបត់ឆ្វេងលឿនពេក ក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុករះរបង ផ្ទះជួលជុលម៉ូតូ និងផ្ទះកែសម្ផស្សរបស់ប្រជាពលរដ្ឋដែលនៅជាប់គ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត រប៉ាត់រប៉ាយពេញមុខផ្ទះ ចំណែករថយន្តដែលបង្កនោះមិនព្រមឈប់ទទួលខុសត្រូវឡើយ ក៏ព្យាយាមបើកគេចទៅទាំងរថយន្តរបស់គេ បែកកង់មុខខាងឆ្វេង ផ្នែកមុខតែមិនដឹងយ៉ាងម៉េច ក៏ធ្វើឲ្យរថយន្តនេះឈប់លែងទៅមុខបាន ទើបអ្នកបើកបរសម្រេចចិត្តទុក រថយន្តរបស់គេចោល ហើយគេចខ្លួនទៅបាត់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានទាក់ទងហៅជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់