ព័ត៌មានជាតិ

ខឹងវាយម្តាយ ក្លាយជាគំនុំ កាប់២ប៉័ងតោ ចំក្បាលនិងដាច់ប្រអប់ដៃ

កណ្តាលៈ ករណីហិង្សា កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតបុ័ងតោចំក្បាល និងដាច់ប្រអប់ដៃខាងឆ្វេង គួរឲ្យខ្លាច។

ហេតុការណ៍កាប់ប្រហារដ៏សាហាវនេះ កើតឡើងនៅវេលាម៉ោង០៧:០៥ នាទីថ្ងៃទី០៩ឧសភា២០១៦ នៅចំណុចមុខសាលាបឋមសិក្សាក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡៅ ចាន់ក្តឹប ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់តែគុជ រស់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនល្មើស ឈ្មោះដួង ចាន់រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភបបានបន្តថា ហេតុការណ៍នេះកើតឡើង ខណៈជនរងគ្រោះកំពុងតែអង្គុយលក់តែគុជនៅកន្លែងកើតហេតុខាងលើ ពេលនោះស្រាប់តែជនល្មើសបានដើរម្នាក់ឯងកាន់កាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិត បណ្តាលឲ្យត្រូវក្បាលផ្នែកចំហៀងខាងឆ្វេង និងដាច់ប្រអប់ដៃខាងឆ្វេង ហើយបានរត់គេចខ្លួនបាត់តែម្តង ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគម៍ជួយសង្គោះជនរងគ្រោះ និងបានចម្លើយច្បាស់លាស់ពីជនរងគ្រោះកំលាំងជំនាញក្រុងសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកឫស្សី និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើមមៀនបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនល្មើសបាននៅវេលាម៉ោង០៩:៤០នាទី បាននាំទៅយកវត្ថុតាង (កាំបិត) ដែលលាក់ទុកក្នុងគុម្ពចេកនៅបរិវេណមន្ទីរពេទ្យជយ័ជំនះ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះខឹងនិងជនរងគ្រោះបានវាយម្តាយរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។

សូមបញ្ជាក់ថា កាំបិតដែលជនល្មើសយកទៅកាប់ជនរងគ្រោះ គឺជនល្មើសបានទិញពីផ្សារតាខ្មៅចាស់ក្នុងតំលៃ១៨០០០រៀល មុនពេលកើតហេតុ៣០នាទី។ ប្រភពបានបន្ថែមថា ជនល្មើសធ្លាប់ប្រើប្រាស់ថ្នាំញៀញតែឈប់ប្រើរយៈពេលបីឆ្នាំមកហើយ៕

cutphoto_2016-05-09_14-21-35photo_2016-05-09_14-21-42

មតិយោបល់